រៀបចំបុណ្យទេសនាមហាវេស្សន្តរជាតកតាមលំអានប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា
AKP សៀមរាប ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥--
វត្តសំរោងស្ថិតនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានមូលមតិគ្នារៀបចំបុណ្យទេសនាមហាវេស្សន្តជាតក ទៅតាមលំអានប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា តាមការកំណត់សន្មត និងឯកភាពគ្នារវាងគណៈកម្មការវត្តព្រះគ្រូចៅអធិការ និងប្រជាពុទ្ធបរិស័ទក្នុងមូលដ្ឋាន។

ព្រះតេជគុណ ថង ចន្ថា ព្រះចៅអធិការវត្តសំរោង បានមានសង្ឃដីកាឱ្យដឹងថា តាមបណ្តាវត្តអារាមក្នុងខេត្តសៀមរាបគេតែងជ្រើសរើសពេលសម្រាប់ធ្វើពិធីទេសនាមហាជាតិនេះក្នុងពេលណាមួយក៏បានអាស្រ័យតាមការរើសរកពេលវេលា។ វត្តនីមួយៗបានរៀបចំជាបន្តបន្ទាប់មិនស្របពេលគ្នាទេអាស្រ័យទៅតាមការឯកភាពពីគណៈកម្មការវត្តប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរមូលដ្ឋានកំណត់ពេលវេលាមិនប៉ះពាល់ដល់ការងារប្រមូលផលរបស់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន។ ដោយឡែកវត្តសំរោង ឆ្នាំនេះបានរៀបចំកម្មវិធីទេសនាមហាវេស្សន្តរជាតករយៈពេលពីរយប់បីថ្ងៃដូចឆ្នាំមុនៗដែរខុសតែថ្ងៃខែឆ្នាំប៉ុណ្ណោះ។ ឆ្នាំនេះរៀបចំពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ ហើយនៅក្នុងពិធីបុណ្យនេះ ក៏មានការសម្តែងចាប៉ីដងវែងឆ្លើយឆ្លងគ្នា ដោយច្រៀងពាក់ព័ន្ធរឿងវេស្សន្តរជាតក និងការអប់រំផ្សេងៗ។

ជាតក សំដៅលើរឿងរ៉ាវ «ជាតិ» ទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ មុនជាតិដែលព្រះអង្គបានតា្រស់ដឹង ពោលគឺនៅពេលដែលព្រះអង្គនៅជាព្រះពោធិសត្វ ហើយចាប់កំណើតផ្សេងៗគ្នា ជាមនុស្សឬជាសត្វជាដើម។ ជាតក១០ចុងក្រោយគេបង្អស់ហៅថា «ទសជាតក»។ នៅក្នុងជាតកទាំង១០នេះ ជាតកចុងក្រោយបង្អស់មានឈ្មោះថា «វេស្សន្តរជាតក» ដ្បិតព្រះពោធិសត្វនៅក្នុងជាតិនោះមានព្រះនាមថា «ព្រះវេស្សន្តរ»។ ក្នុងជាតិជាតកនីមួយៗក្នុងចំណោម១០ជាតិនេះ ព្រះពោធិសត្វតែងបំពេញបានបារមីអ្វីមួយ មានន័យថាបំពេញអ្វីមួយបានពេញលេញឥតខ្ចោះដល់ទីបញ្ចប់។ ជាតិជាព្រះវេស្សន្តរនេះ គេច្រើននិយមហៅថា «មហាជាតក» (មហាជាតិ)ដោយគេយល់ថាជាជាតិដែលធំបង្អស់។ នៅខេត្តសៀមរាប គេនិយមប្រារព្ធពិធីនេះអស់រយៈពេលពីរយប់បីថ្ងៃ។ បើសង្ខេបឱ្យខ្លីបំផុតមក គឺគេចាប់ផ្តើមពីប្រុងពលី កិច្ចបួងសួង រួចហើយក៏ចាប់ផ្តើមទេសន៍កាន់មហាល័យ លុះស្អែកឡើងទើបចាប់ទេសនាពីកណ្ឌទី១ដល់កណ្ឌទី១៥ ដែលចប់នៅយប់ថ្ងៃទីពីរ។ នៅថ្ងៃទី៣ គេនិមន្តព្រះសង្ឃទេសន៍ «អានិសង្សបក រៀបរាប់ពីការស្តាប់ទេសនាមហាជាតក» រួចហើយក៏រៀបពិធីដាក់បាត្រឆ្លងជាកិច្ចបញ្ចប់កម្មវិធីទេសនា៕

ដោយ ឃុត សៅ





