ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធបដិមាករប្រក់នាគនៅវត្តពោធិ៍វង្សហត្ថី
AKP កំពង់ធំ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធបដិមាករប្រក់នាគដែលមានកម្ពស់៤,៥០ម៉ែត្រនៅក្រោមម្លប់ពោធិ៍សន្តិភាព ស្ថិតនៅក្នុងវត្តពោធិ៍វង្សហត្ថី ហៅវត្តពោធិ៍ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរចំពោះលោក សរ តួរ និងភរិយាព្រមទាំងសប្បុរសជននានាដែលដឹកនាំដោយព្រះតេជគណព្រះគ្រូ ចែម មុន្នីចិន្តា ព្រះគ្រូចៅអធិការវត្តពោធិ៍វង្សហត្ថី រួមជាមួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលបានចូលរួមចំណែកក្នុងការបញ្ចុះបឋមសិលា និងដំណើរការសាងសង់ព្រះពុទ្ធបដិមាករ ប្រក់នាគនេះបានចេញជារូបរាងឡើងដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជនគ្រប់រូបគោរពបូជានៅក្នុងទីអារាមដែលមានវ័យចំណាស់នេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព និងការឯកភាពជាតិពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសជាតិយើងមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រហើយថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេចបីចំណុចស្ដីពីការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដោយរៀបចំឱ្យមាន៖ទី១.រៀបចំបង្កើតឱ្យមានក្រុមជំនុំព្រះត្រៃបិដកខ្មែរឡើងវិញ ទី២.រៀបចំឱ្យមានពិធីសូត្រព្រះត្រៃបិដកខ្មែរក្នុងរយៈពេល៥ឆ្នាំម្ដងនៅមុខប្រាសាទអង្គរវត្តឬនៅលើភ្នំព្រះរាជទ្រព្យ និងទី៣.រៀបចំឱ្យមានពិធីបុណ្យរំលឹកនូវការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកគុណដល់ក្រុមជំនុំព្រះត្រៃបិដក។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការី និងក្រុមគ្រួសារបានប្រគេនថវិកាមួយចំនួនបន្ថែមទៀតសម្រាប់ចូលរួមចំណាយក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធបដិមាករនៅពេលនេះផងដែរ។

ព្រះតេជគុណ ចែម មុន្នីចិន្តា ព្រះគ្រូចៅអធិការវត្តពោធិ៍វង្សហត្ថី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុននិងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំរួមជាមួយក្រុមគ្រួសារដែលតែងតែយកចិត្តទុកដាក់ជួយគាំទ្រក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងទីអារាមនៃវត្តពោធិ៍វង្សហត្ថី នាពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ននេះ និងបានសូមបួងសួងដល់អស់អារុក្ខអារក្សទេវតា និងព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ សូមជួយបីបាច់ថែរក្សាឧត្តមសេនីយ៍ទោ សោម ស៊ុននិងលោកជំទាវព្រមទាំងសហការីទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





