អភិបាលស្រុកស្ទោង៖ សាលាឆាន់ធំស្កឹមស្កៃជាសមិទ្ធផលនៃសុខសន្តិភាព និងការរួបរួមសាមគ្គីរបស់ពុទ្ធបរិស័ទ
AKP កំពង់ធំ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ -- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានមានប្រសាសន៍លើកឡើងថា សាលាឆាន់ធំស្គឹមស្កៃជាសមិទ្ធផលនៃសុខសន្តិភាព និងការចូលរួមសាមគ្គីរបស់ពុទ្ធបរិស័ទ នៅក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខញាតិញោមពុទ្ធបរិស័ទនៅក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងលើកជហ្វា (ក ក្ងោក) នៃសាលាឆាន់វត្តអម្ពរវណ្ណរង្ស៊ី (វត្តពពក) ស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

លោកបានមានប្រសាសន៍ថា សាលាឆាន់ថ្មីដែលមានតម្លៃរាប់ម៉ឺនដុល្លារនេះ បានកើតឡើងក្រោមការលះបង់ការចូលរួមសន្សំបុញ្ញានិធិសម្រាប់ទាំងជាតិនេះ និងអនាគតជាតិរបស់ពុទ្ធបរិស័ទចំណុះជើងវត្តទាំងជិតឆ្ងាយ ជាពិសេសក្រោមការរួបរួមសាមគ្គីសហការគ្នារវាងញាតិញោមពុទ្ធបរិស័ទ លោកអាចារ្យ គណៈកម្មការ គ្រូចៅអធិការវត្ត និងអាជ្ញាធរមូលដ្ឋានក្រោមម្លប់សន្តិភាព។


ក្នុងឱកាសនោះ លោកអភិបាលស្រុកបានថ្លែងអំណរគុណដល់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងសហការី ដែលបានគិតគូរយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍ស្រុកស្ទោង ជាពិសេសការចូលរួមយកចិត្តទុកដាក់ក្នុងការកសាងស្ដារប្រព័ន្ធប្រឡាយនៅក្នុងឃុំពពក និងបានលើកគម្រោងទឹកស្អាតសម្រាប់ជូនពុកម៉ែបងប្អូននៅក្នុងឃុំពពកបានប្រើប្រាស់ ដែលជាផ្នែកមួយនៃការលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ព្រមទាំងកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះផងដែរ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានណែនាំដល់រដ្ឋបាលឃុំពពកត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើងថែមទៀត ជាពិសេសត្រៀមឯកសារពាក់ព័ន្ធនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីបំពេញសំណុំបែបបទធ្វើប្លង់កម្មសិទ្ធិចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានងាយស្រួល និងឆាប់រហ័សស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥ នេះ និងបានអំពាវនាវដល់ញាតិញោមពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមបន្តរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ថែរក្សាសុខភាពឱ្យបានរឹងមាំដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


សាលាឆាន់ថ្មីដែលដាក់ជហ្វា (ក ក្ងោក) នេះ មានបណ្ដោយប្រវែង ៣៦ម៉ែត្រ ទទឹង ២១ម៉ែត្រ និងមានកម្ពស់ ១៧ម៉ែត្រ ហើយក្នុងឱកាសនោះ លោកអភិបាលស្រុកស្ទោង និងសហការីក៏បានចូលរួមបច្ច័យចំនួន ១លាន ២៥ម៉ឺនរៀល ជាមួយញាតិញោមពុទ្ធបរិស័ទផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





