អភិបាលស្រុកតាំងគោកចុះសួរសុខទុក្ខនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋចាស់ជរាដែលមានជីវភាពខ្វះខាតនិងងាយរងគ្រោះនៅភូមិឈូក
AKPកំពង់ធំថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៥៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋចាស់ជរាដែលមានជីវភាពខ្វះខាតនិងងាយរងគ្រោះចំនួន១២គ្រួសារនៅភូមិឈូកឃុំទ្រៀលស្រុកតាំងគោកខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងសេចក្ដីនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំជូនដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចនិងឯកឧត្តមអភិបាលខេត្តដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈពណ៌សម្បុរ ជំនឿសាសនាឬនិន្នាការគណបក្សនយោបាយណាមួយឡើយគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ដោយអាជ្ញាធរពុំបានដឹងនោះឡើយ។

ក្នុងឱកាសនោះដែរលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព។ការរស់នៅត្រូវប្រកាន់យកការរស់នៅស្អាត ហូបស្អាតផឹកស្អាត សម្អាតបរិស្ថានជុំវិញផ្ទះណែនាំកូនចៅឱ្យគោរពច្បាប់ចរាចណ៍ផ្លូវគោកត្រូវយកចិត្តទុកដាក់ដាំដំណាំចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។


សូមបញ្ជាក់ថាអំណោយដែលចែកជូនប្រជាពលរដ្ឋទាំង១២គ្រួសារក្នុង១គ្រួសារៗទទួលបាននូវអង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវនិងថវិកាមួយចំនួនផងដែរ៕ ដោយ៖ ស៊ុម វណ្ណា





