រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំការប្រកួតជ្រើសរើសជើងឯកចម្អិនម្ស៉ៅត្រីហ្វូរីកាកិ
AKP កំពង់ឆ្នាំង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ -- លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញមានវត្តមានក្នុងកម្មវិធីប្រកួតជ្រើសរើសជើងឯកចម្អិនម្ស៉ៅត្រីហ្វូរីកាកិតំណាងស្រុក នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ដៃ ហាស៊ីហ្គារ៉ា ជាម្ចាស់ជំនួយមកពីប្រទេសជប៉ុន លោក ខាស្សាតុ សាអិគិ នាយកអង្គការ (FIDR) ប្រចាំនៅកម្ពុជា ព្រមទាំងលោក លោកស្រី ក្រុមការងារអង្គការ FIDR លោកអភិបាលស្រុក លោក លោកស្រី អភិបាលរង មន្ទីរជំនាញពាក់ព័ន្ធខេត្ត ស្រុក ឃុំ និងសមាជិកសម្ព័ន្ធយុវជនជាច្រើននាក់។


ក្នុងឱកាសនោះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា គំនិតផ្ដួចផ្ដើមក្នុងការផ្សព្វផ្សាយ ហ្វូរីកាកិ (Fu rikake) ដែលជាម្ស៉ៅត្រីរបស់ជប៉ុនសម្រាប់រោយនៅលើបាយក្តៅៗ បានចាប់ផ្ដើមអនុវត្តនៅក្នុងស្រុកកំពង់លែង កាលពីក្នុងឆ្នាំ២០២៣ ក្នុងកិច្ចសហការគាំទ្របច្ចេកទេសដោយ ក្រុមហ៊ុន Cambodia Fresh Farm ដែលជាក្រុមហ៊ុនផលិតហ្វូរីកាកិតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដោយបានរៀបចំថ្នាក់ចម្អិនបង្ហាញក្នុងគោលបំណងដើម្បីបង្កើតមុខរបរជូនដល់ប្រជាជនក្នុងស្រុកកំពង់លែង។ ហ្វូរីកាកិត្រូវបានរំពឹងទុកថានឹងចូលរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងចូលរួមចំណែកជួយដល់សុខភាពប្រជាជន (ព្រោះវាសម្បូរទៅ ដោយជាតិកាល់ស្យូមខ្ពស់)។

ទន្ទឹមនឹងនេះដែរ លោកបានបន្តទៀតថា គណៈកម្មាធិការជាតិបានចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយដែលមានសារៈប្រយោជន៍សំខាន់ដល់ការអនុវត្តគោលនយោបាយជាតិជម្រុញចលនាភូមិមួយផលិតផលមួយ ព្រោះវានឹងផ្ដល់លទ្ធភាពឱ្យយើងអាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងនូវព័ត៌មាន និងបញ្ហានានា ដើម្បីរៀបចំផែនការ ដាក់ចេញសកម្មភាពអន្តរាគមន៍ដែលមានប្រសិទ្ធភាពជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងការអនុវត្តន៍ធ្វើការណែនាំពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីប្រយោជន៍សំខាន់ៗក្នុងការងារជំរុញចលនាភូមិមួយផលិតផលមួយ។


បន្ថែមពីលើនេះ លោកបានកោតសរសើរចលនាភូមិមួយផលិតផលមួយ ដែលម្ស៉ៅត្រីរបស់ជប៉ុនសហការជាមួ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយដែលមានសារៈប្រយោជន៍សំខាន់ដល់ការអនុវត្តគោលនយោបាយជាតិជម្រុញចលនាភូមិមួយផលិតផលមួយ ព្រោះវានឹងផ្ដល់លទ្ធភាពឱ្យយើងអាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងនូវព័ត៌មាន និងបញ្ហានានា ដើម្បីរៀបចំផែនការ និងដាក់ចេញសកម្មភាពអន្តរាគមន៍មានប្រសិទ្ធភាព។

លោកអភិបាលរងខេត្តបានជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងការអនុវត្តន៍ធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមការដ្ឋានឱ្យបានយល់ច្បាស់ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការ ចូលរួមការងារជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងគោលបំណងដើម្បីជ្រើសរើសជើងឯកផលិតផលហ្វូរីកាកិ មកពីបណ្ដាឃុំនានានៅក្នុងស្រុកកំពង់លែង និងបន្តនៅតាមស្រុកគោលដៅជាច្រើនទៀតដែលពួកគេនឹងបង្កើតរូបមន្តផ្ទាល់ខ្លួនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាមួយនឹងការច្នៃប្រឌិតខ្ពស់៕
ដោយ៖ បៃ ស៊ីថុន





