តុលាការទូទាំងប្រទេសចាត់ការរឿងក្តីបានប្រមាណជិត ១៩ម៉ឺនសំណុំរឿងនៅក្នុងឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ -- តុលាការគ្រប់ជាន់ថ្នាក់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា ក្នុងនេះរាប់ទាំងសាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្ត សាលាឧទ្ធរណ៍ទាំងភ្នំពេញ និងតំបន់ និងតុលាការកំពូល បានចាត់ការទាំងសំណុំរឿងព្រហ្មទណ្ឌ សំណុំរដ្ឋប្បវេណី សំណុំរឿងចាស់ និងសំណុំរឿងថ្មី គិតជាសរុបបានរហូតដល់ទៅជិតប្រមាណ ១៩ម៉ឺនសំណុំរឿង ឬស្មើនឹងជាង ៨២% នៃសំណុំរឿងទាំងអស់ទូទាំងប្រទេសដែលមានសរុបជិត ២៣ម៉ឺនសំណុំរឿង។

ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងនៅក្នុងឱកាសសន្និសីទសារព័ត៌មានមួយដោយបង្ហាញអំពីលទ្ធផលនៃការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថា «ពាក់ព័ន្ធនឹងសំណុំរឿងក្នុងឆ្នាំ២០២៤ កន្លងមកនេះ បើគិតទៅលើរឿងព្រហ្មទណ្ឌទាំងអស់ គឺមានជាង ១១ម៉ឺនសំណុំរឿង ហើយបើគិតទៅលើប្រភេទបទល្មើស បទមជ្ឈឹមមានអត្រាខ្ពស់ជាងគេ រហូតទៅដល់ ៨៤% បទឧក្រិដ្ឋស្ថិតនៅក្នុងលំដាប់ទីពីរ គឺ១៥% ហើយបទល្មើសលហុមាន ២ភាគរយ។ នេះបើគិតទៅតាមប្រភេទនៃបទល្មើស»។
មន្រ្តីអ្នកនាំពាក្យរូបនេះបានថ្លែងឱ្យដឹងបន្ថែមថា សម្រាប់ក្នុងចំណោមនោះ បទល្មើសឧក្រិដ្ឋមានស្ថានទម្ងន់ដែលចូលក្នុងតំណាក់កាលអយ្យការក្នុងឆ្នាំ២០២៤ ឃើញថាបទល្មើសដែលមានច្រើនជាងគេ គឺបទល្មើសលួចដែលមានស្ថានទម្ងន់ទោស ៩៩៧ករណី។ ក្នុងលំដាប់ទី២ គឺបទល្មើសសេពសន្ថវៈ មាន ៥២៩ករណី និងទី៣ គឺបទល្មើសគ្រឿងញៀន។

ឯកឧត្តម សេង ឌីណា ក៏បានថ្លែងឱ្យដឹងផងដែរថា បើធ្វើការប្រៀបធៀបបទល្មើសទាំងនោះមានការខុសគ្នាច្រើន ដោយក្នុងនោះ ឆ្នាំ២០២៣ កន្លងមក បទល្មើសគ្រឿងញៀនស្ថិតនៅក្នុងលំដាប់ទី១ ច្រើនជាងគេ ហើយបទល្មើសសេពសន្ថវៈស្ថិតនៅក្នុងលំដាប់ទី២ ដដែល ពោលគឺឥតមានអ្វីប្រែប្រួលទេ ប៉ុន្តែចំណែកបទល្មើសលួចមានស្ថានទម្ងន់ទោសវិញ កាលពីឆ្នាំ២០២៣ស្ថិតក្នុងលំដាប់ទី៣ តែឆ្នាំ២០២៤ ឡើងមកលំដាប់ទី១។
មន្រ្តីអ្នកនាំពាក្យរូបនេះបានឱ្យដឹងបន្ថែមថា បទល្មើសគ្រឿងញៀនស្ថិតក្នុងដំណាក់កាលអយ្យការ យើងឃើញក្នុងឆ្នាំ២០២៤ បទល្មើសឧក្រិដ្ឋទាក់ទងគ្រឿងញៀនមានការធ្លាក់ចុះរហូតដល់ទៅជាងពាក់កណ្តាល បើប្រៀបធៀបនឹងឆ្នាំ២០២៣ កន្លងទៅ។ តែបើនិយាយពីបទល្មើសមជ្ឈឹមវិញ រវាងឆ្នាំ២០២៤ និងឆ្នាំ២០២៣ គឺពុំសូមានការខុសគ្នាប៉ុន្មានទេ បើទោះបីជាចំនួនសំណុំរឿងមានការកើនឡើង តែចំណាត់ថ្នាក់គឺនៅតែដដែល។ បទល្មើសមជ្ឈឹមទាក់ទងនឹងគ្រឿងញៀន យើងឃើញមានចំនួនច្រើនជាងគេ ហើយលំដាប់ទី២ គឺបទល្មើសលួច និងទី៣ គឺបទល្មើសរំលោភលើសេចក្តីទុកចិត្ត។
ទាក់ទិននឹងសំណុំរឿងចរាចរណ៍វិញ ត្រូវបានឯកឧត្តម សេង ឌីណា ប្រាប់ឱ្យដឹងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវជាតិទូទាំងប្រទេសមានចំនួន ១.០៨៣ករណី ហើយក្នុងចំណោមនោះ ច្រើនជាងគេគឺស្ថិតនៅលើដងផ្លូវជាតិលេខ៥។ លំដាប់ទី២ គឺផ្លូវជាតិលេខ៦ និងទី៣ គឺគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាតិលេខ៤។
គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌បានដាក់ចេញយុទ្ធនាការចំនួន២ គឺការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ តាំងពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ហើយក្រសួងក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យក្នុងការអនុវត្តយុទ្ធនាការទាំង២ នេះផងដែរ៕
ដោយ៖ដេប៉ូ





