គណបក្សប្រជាជនកម្ពុជាជាជាគណបក្សចាស់ទុំខាងនយោបាយតែមួយគត់ដែលបានដឹកនាំប្រទេសពីបាត់ដៃទទេរជាង ៤០ឆ្នាំកន្លងមក
AKP កំពង់ធំ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ -- គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំខាងនយោបាយតែមួយគត់ ដែលបានដឹកនាំប្រទេសពីបាតដៃទទេចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងរយៈពេលជាង ៤០ឆ្នាំងកន្លងមក ដោយបានខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងការពារសុខសន្តិភាពរហូតដល់បច្ចុប្បន្ន។ នេះជាការលើកឡើងរបស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគេណបក្សខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក អ៊ុត វណ្ណរ៉ា ប្រធានគណបក្សស្រុក និងជាអភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយរួចមក ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែង សុខសន្តិភាពនេះបានអនុញ្ញាតឱ្យកម្ពុជារៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ និងការរៀបចំពិធីផ្សេងៗទៀត។
ឯកឧត្តម បានលើកឡើងថា នៅក្នុងសន្និបាតគណបក្សលើកទី៤៥ ក៏បានដាក់ចេញនូវទិសដៅពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណាមួយ ឬក្រុមជ្រុលនិយមណាមួយមកបំផ្លាញបានឡើយ។


ក្នុងស្មារតីនេះ យើងនឹងបន្តអនុវត្តពាក្យស្លោក អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលបាននាំមកនូវសន្តិភាពនិងឯកភាពជាតិពេញលេញ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានពន្យល់ដល់មន្ត្រីគណបក្ស និងប្រជាជនឱ្យចេះពិចារណាបែងចែកឱ្យបានច្បាស់លាស់នូវព័ត៌មានបំផ្លើសការពិត និងព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូចដែលមានបំណងតែម៉្យាង គឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនដល់ព្រះសង្ឃវត្តបិណ្តិយ៍ ដែលមានទេយ្យទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ និងបានឧបត្ថម្ភគណបក្សស្រុកនូវកុំព្យូទ័រចំនួន ១គ្រឿង ព្រីនធ័រចំនួន ១គ្រឿង និងថវិកា ២លានរៀល។ ឧបត្ថម្ភដល់អធិការដ្ឋាននគរបាលស្រុកនូវកុំព្យូទ័រចំនួន ១គ្រឿង ព្រីនធ័រចំនួន ១គ្រឿង និងថវិកា២លានរៀល។ ឧបត្ថម្ភដល់កងរាជអាវុធហត្ថស្រុកនូវកុំព្យូទ័រចំនួន ១គ្រឿង ព្រីនធ័រចំនួន ១គ្រឿងនិងថវិកា ១លានរៀល។ ឧបត្ថម្ភដល់ផ្នែកសឹករងស្រុកនូវកុំព្យូទ័រចំនួន ១គ្រឿង ព្រីនធ័រចំនួន ១គ្រឿង និងថវិកាចំនួន ៥០ម៉ឺនរៀល។ ឧបត្ថម្ភដល់ឃុំទាំង១១ ទូទាំងស្រុក នូវកុំព្យូទ័រចំនួន ១គ្រឿង និងព្រីនធ័រចំនួន ១គ្រឿងសម្រាប់មួយឃុំ។ ឧបត្ថម្ភដល់សាលារៀនចំនួន៩៤ នៅទូទាំងស្រុក នូវថិវកាចំនួន ១សាលារៀន កុំព្យូទ័រចំនួន ១គ្រឿង ព្រីនធ័រចំនួន ១គ្រឿងក្នុងមួយសាលារៀន។ ឧបត្ថម្ភដល់ការិយាល័យអប់រំស្រុកនូវកុំព្យូទ័រចំនួន ១គ្រឿង ព្រីនធ័រចំនួន ១គ្រឿង ព្រមទាំងបានឧបត្ថម្ភដល់គណៈកម្មាធិការគណបក្សស្រុក និងសាខាចំណុះ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូទូទាំងស្រុក នូវកញ្ចប់សម្ភារៈចំនួន ១កញ្ចប់ម្នាក់ និងថវិកាមួយចំនួនផងដែរ៕


ដោយ៖ ស៊ុម វណ្ណា





