ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹងស្ពានហាលខាងកើតប្រាសាទបេងមាលាឱ្យរឹងមាំឡើងវិញ
AKP សៀមរាប ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ -- ស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលា កំពុងប្រែក្លាយពីស្ថានភាពដួលរលំបាក់បែកទ្រុឌទ្រោមទៅជារឹងមាំឡើងវិញជាបន្តបន្ទាប់ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលបានចំណាយពេលជួសជុលប្រមាណ ១០ខែកន្លងមក ដែលប្រើប្រាស់ថវិកានៃមូលនិធិកិច្ចសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។
អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា រយៈពេល ១០ខែកន្លងមកនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានជួសជុលតួស្ពានហាល សសរ ធ្នឹម បង្កាន់ដៃនាគ ក្បាលនាគទាំងសងខាងនៅផ្នែកខាងជើងស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ដែលសម្រេចបានរួចរាល់ ព្រមទាំងបានជួសជុលកម្រាលស្ពានដែលស្រុតមួយផ្នែកធំផងដែរ។ បច្ចុប្បន្ន ក្រុមការងារនៅតែបន្តជួសជុលដំឡើងក្បាលនាគផ្នែកខាងត្បូង និងជួសជុលថ្មបាយក្រៀមរបស់តួស្ពាន សសរ ធ្នឹម ជើងទម្រនាគ បង្កាន់ដៃនាគ និងកម្រាលនៅផ្នែកនេះជាបន្តទៀត។


អ្នកស្រីបានបញ្ជាក់បន្ថែមថា ស្របតាមអនុសាសន៍អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ក្រុមការងារបានប្រើថ្មបាយក្រៀមជំនួសដីដែលចាស់បុរាណបានបុកបង្ហាប់ក្នុងពេលសាងសង់នៅតាមផ្នែកសងខាងនៃស្លាបស្ពាន ដែលទីតាំងនេះមានស្ថានភាពស្រុតដោយសារទឹកហូរច្រោះ។ អ្នកជំនាញបានរំពឹងថា ការប្រើថ្មបាយក្រៀមនៅទីតាំងនេះនឹងជួយឱ្យរឹងមាំបានយូរអង្វែង ទប់ស្កាត់ការខូចខាតនាពេលអនាគតជាបន្តទៀត។

ការងារជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលានេះ បានបែងចែកក្រុមការងារជា ៤ផ្នែក ដោយផ្នែកទី១ គឺក្រុមការងាររៀបចំកម្រាលនិងតម្លើងនាគ ផ្នែកទី២ គឺក្រុមការងារជួសជុលថ្មបាយក្រៀមនៃតួស្ពាន ផ្នែកទី៣ គឺក្រុមការងារជួសជុលថ្មកម្រាល និងផ្នែកទី៤ គឺក្រុមការងារជួសជុលប៉ះ និងតថ្ម។ គម្រោងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលានេះ ក្រៅពីថែរក្សាអភិរក្សមរតកដូនតាខ្មែរ ក៏បានផ្តល់ឱកាសការងារដល់ក្រុមអ្នកជំនាញជួសជុលប្រាសាទបុរាណ និងប្រជាជនមួយចំនួនដែលរស់នៅជុំវិញប្រាសាទនេះឱ្យទទួលបានប្រាក់កម្រៃជួយផ្គត់ផ្គង់គ្រួសារ ព្រមទាំងបានបណ្តុះទឹកចិត្តពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមថែរក្សាកេរដំណែលដូនតាខ្មែរឱ្យគង់វង្សបានយូរអង្វែងទៅថ្ងៃអនាគតផងដែរ។


ស្ពានហាលខាងកើតប្រាសាទបេងមាលា បានចាប់ផ្ដើមដំណើរការជួសជុលតាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥៕
ដោយ ឃុត សៅ





