ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យវឌ្ឍនភាព កែលម្អសួនច្បារផ្លូវភ្លោះព្រះមុន្នីវង្សក្នុងសង្កាត់កំពង់ចាម
AKP កំពង់ចាម ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរអ្នកពាក់ព័ន្ធ អញ្ជេីញចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលកែលម្អសួនច្បារផ្លូវភ្លោះព្រះមុន្នីវង្សដែលស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលមានប្រវែង ៥៥០ម៉ែត្រ ទទឹង១៤ម៉ែត្រ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ នេះ និងបានពន្លឿនការស្ថាបនាឱ្យបានរួចរាល់ ដើម្បីការរៀបចំនៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការជួសជុលកែលម្អសួនច្បារខាងលើនេះ គឺដោយសារការ៉ូឡាចាស់មានសភាពពុកផុយ និងយកចេញនូវដើមឈើ និងដើមផ្កាចាស់ៗដោយដាក់រៀបចំក្រាលការ៉ូឡាធ្វើអំពីថ្មម៉ាប ដាំដើមឈើលម្អ ផ្កា និងក្រាលស្មៅ រូមទាំងបណ្ដាញប្រព័ន្ធទឹក និងបំពាក់ប្រព័ន្ធអគ្គិសនី ដើម្បីធ្វើឱ្យក្រុងកំពង់ចាម កាន់តែមានសោភ័ណភាពស្រស់បំព្រងដោយពណ៌បៃតងស្រស់ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត ស្វែងយល់ពីការរីកចម្រើនរបស់ខេត្ត និងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលំហែកម្សាន្ត និងដើរហាត់ប្រាណជាដើម។


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការរៀបចំតុបតែងកែលម្អសួនច្បារខាងលើនេះ គឺធ្វើឱ្យទីក្រុងកំពង់ចាមកាន់តែមានសោភ័ណភាពស្រស់បំព្រង និងសុវត្ថិភាពខ្ពស់ ហើយក៏ជាផ្នែកមួយនៃការដាក់តម្កល់ពាងទឹកសម្រាប់ពិធីស្រោចទឹកក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ សម្រេចបាន ប្រមាណ ៨៥% ហើយ៕

ដោយ: ឆាយ មុត





