មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍លើកឡើងថា វិស័យទេសចរណ៍វត្តអារាមកំពុងតែទាក់ទាញភ្ញៀវទេសចរបរទេស
AKP សៀមរាប ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងក្នុងវេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធសាសនា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថា ទេសចរណ៍បែបសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើវិស័យទេសចរណ៍កម្ពុជាផងដែរ។ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ក្នុងចំណោមចំនួនប្រជាជនសរុបប្រមាណ ១៧លាននាក់នេះ ប្រជាជន ដែលកាន់ព្រះពុទ្ធសាសនាមានចំនួនប្រមាណ ៩៧.១%។ ជាមួយគ្នានេះ កម្ពុជាមានវត្តអារាម ចំនួន ៥,១៤៦វត្ត ដែលមានព្រះសង្ឃសរុប ៧១,១៧៤ព្រះអង្គ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤។ ជាក់ស្តែង នៅខេត្តសៀមរាបនេះផ្ទាល់ វិស័យទេសចរណ៍វត្តអារាម កំពុងតែទាក់ទាញភ្ញៀវទេសចរបរទេសឱ្យស្គាល់ និងឈ្វេងយល់បានកាន់តែច្បាស់ពីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រៅពីបានទស្សនាប្រាសាទបុរាណ និងរមណីយដ្ឋាននានានៅក្នុងខេត្តសៀមរាប ដោយអ្នកទេសចរបរទេសមួយចំនួនបានចូលទៅវត្តនិមន្តព្រះសង្ឃប្រោះព្រំ ទៅតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការក៏ស្នើឱ្យមានកិច្ចសហការស្អិតរមួតរវាងកម្ពុជា-ចិន ដើម្បីជំរុញ ការផ្សព្វផ្សាយគោលដៅទេសចរណ៍បែបសាសនាសំខាន់ៗរបស់កម្ពុជា និងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ព្រះពុទ្ធសាសនា ទៅកាន់បណ្តាប្រទេសនានាដែលគោរព និងប្រតិបត្តិសាសនាព្រះពុទ្ធនៅក្នុងតំបន់យើងនេះ ពិសេសគឺប្រទេសចិន សំដៅជំរុញលំហូរភ្ញៀវទេសចរបន្ថែមមកទស្សនាប្រទេសកម្ពុជា និងយកចិត្តទុកដាក់ពិភាក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យទេសចរណ៍ ពិសេសការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីសម្រួលការធ្វើដំណើរ និងការស្នាក់នៅរបស់ភ្ញៀវទេសចរ ពិសេសទេសចរណ៍ព្រះពុទ្ធសាសនា និងការផ្សព្វផ្សាយព្រឹត្តិការណ៍ ឬកម្មវិធីបែបប្រពៃណីសាសនារបស់កម្ពុជាដូចជា បុណ្យមាឃបូជា វិសាខបូជា និងភ្ជុំបិណ្ឌជាដើម។

ទន្ទឹមនឹងនេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងដែរថា វេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធសាសនា ឆ្នាំ២០២៥ (Buddhist Culture and Tourism Forum 2025) នេះ មិនត្រឹមតែជាវេទិកាមួយជំរុញនូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៃទំនាក់ទំនងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែវេទិកានេះនឹងជាយន្តការមួយ និងសក្ខីភាពមួយ ដែលបានឆ្លុះបញ្ចាំងពីសន្តិភាព សុខសុវត្ថិភាព និងការបដិសណ្ឋារកិច្ច សម្រាប់កម្ពុជា ជាពិសេសខេត្តសៀមរាបដែលបានត្រៀមទទួលស្វាគមន៍ភ្ញៀវជុំវិញពិភពលោក ជាពិសេសបងប្អូនភ្ញៀវទេសចរជនជាតិចិន មកពីខេត្តក្រុងសម្ពន្ធមេត្រីភាពគ្រប់តំបន់ តាមរយៈការជំរុញនូវការហោះហើរផ្ទាល់មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ការចាប់ដៃធុរកិច្ចចិន-កម្ពុជា និងការផ្សព្វ ផ្សាយនូវការចែករំលែកទស្សនីយភាព និងសក្ខីភាពដែលមានសាសនា វប្បធម៌ អរិយធម៌ សំដៅជំរុញនូវការអភិវឌ្ឍវិស័យទេសចរណ៍ដោយបម្រើដល់ប្រយោជន៍ទៅវិញទៅមករវាងខេត្តក្រុងសម្ព័ន្ធមេត្រីភាព និងប្រជាជនកម្ពុជា-ចិន៕

ដោយ ឃុត សៅ





