រសៀលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា
នៅដឹ ព្រេមៀ សេនធ័រ សែនសុខ។

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថាសមិទ្ធផលសំខាន់ៗមួយចំនួននៃសមាគមឧកញ៉ាកម្ពុជាមានជាអាទិ៍៖
ទី១. កិច្ចការសមាជិកភាព៖ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សមាគម មានសមាជិកចំនួន ៤៤៦រូប កើនឡើង ២៦% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះទីប្រឹក្សាជាន់ខ្ពស់៨រូប, ក្រុមប្រឹក្សាភិបាល៤៥រូប, សកម្ម៣៤រូប និងទ្រទ្រង់៣៥៤រូប) ដែលមានគោរមងារជា លោកអ្នកឧកញ៉ា ៥រូប អ្នកឧកញ៉ា ១៤០រូប និង ឧកញ៉ា ៣០១រូប ។
ទី២. កិច្ចការច្បាប់៖ សមាគមបានចូលរួមផ្តល់ធាតុចូលទៅលើច្បាប់ និងបទដ្ឋានគតិយុត្តនានាជាច្រើន។ ក្រៅពីនេះ សមាគមបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនសមាជិកសមាជិកា បានជាច្រើនករណី ជាពិសេសការផ្សព្វផ្សាយ ចេញសេចក្តីប្រកាសព័ត៌មាន និងសេចក្តីជូនដំណឹងនានា ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរ នៃគោរមវន្ត។
ទី៣. កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ៖ សមាគមបាននិងកំពុងបំពេញការងារបានយ៉ាងល្អ និងត្រឹមត្រូវតាមស្តង់ដារ ដើម្បីធានាបាននូវតម្លាភាព សុក្រឹតភាព គណនេយ្យភាព ការសន្សំសំចៃ និងប្រើប្រាស់ចំគោលដៅស្របទៅតាមទស្សនវិស័យ និងបេសកកម្មរបស់សមាគម ជាពិសេស ការគ្រប់គ្រងចំណូល និងចំណាយ ដែលត្រូវបានធ្វើសវនកម្មជាទៀងទាត់ពីក្រុមហ៊ុនសវនករឯករាជ្យ។
ទី៤. កិច្ចការទំនាក់ទំនងសាធារណៈ អន្តរជាតិ និងធុរកិច្ច៖ សមាគម បានបំពេញការងារយ៉ាងសកម្មលើការកសាងទំនាក់ទំនងជាមួយបណ្តាស្ថាប័នជាតិ និងអន្តរជាតិជាច្រើនប្រទេស និងស្ថាប័ន សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទាំងក្នុងនិងក្រៅប្រទេស តាមរយៈការអមដំណើរសម្តេចធិបតី ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅក្រៅប្រទេស និងការអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរបេសកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្រៅប្រទេសដូចជាចិន, ថៃ, ឥណ្ឌា, ជប៉ុន, តួកគី, អាល្លឺម៉ង់, អេស្ប៉ាញ, សហរដ្ឋអាម៉េរិក, កាណាដា, បារាំង, ឆែក, និងចក្រភពអង់គ្លេស ជាដើម ។ ក្រៅពីការងារនេះ សមាគម ក៏បានចុះអនុស្សរណៈ រៀបចំកម្មវិធី វេទិកាធុរកិច្ច និងផ្គូផ្គងពាណិជ្ជកម្មជាមួយបណ្តាស្ថាប័នពាក់ពន្ធនានា ជាច្រើនផងដែរ។
ទី៥. កិច្ចការសប្បុរិសធម៌ និងការងារសង្គមកិច្ច៖ ក្រៅពីការធុរកិច្ច សមាគម ក៏បានបំពេញសកម្មភាពសប្បុរិសធម៌ និងការងារសង្គមជាច្រើនផងដែរដែលបានបរិច្ចាគថវិកាអស់ប្រមាណ ៥,៥លានដុល្លារ គឺកើនឡើងចំនួន ៨៧៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ នៅឆ្នាំ២០២៥ នេះ សមាគមឧកញ៉ាកម្ពុជាបានកំណត់នូវសកម្មភាពជាអាទិភាពចំនួន ១០ចំណុច ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៥ ដែលនឹងត្រូវបង្ហាញជូននៅក្នុងវីដេអូ នៅល្ងាចនេះ៕
ដោយ៖ គង់ សិរីរ័ត្ន





