ឯកឧត្តម នួន ផារ័ត្ន៖ ការដោះស្រាយបញ្ហាដីធ្លីត្រូវឈរលើមូលដ្ឋានច្បាប់ជាក់ស្តែង តម្លាភាព មិនលម្អៀងដើម្បីមានយុត្តិធម៌
AKP កំពង់ធំ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ -- ការដោះស្រាយបញ្ហាដីធ្លីត្រូវឈរលើមូលដ្ឋានច្បាប់ជាក់ស្ដែងតម្លាភាពមិនលម្អៀងដើម្បីមានយុត្តិធម៌។ នេះជាការលើកឡើងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី៤សហគមន៍ មាន សហគមន៍អួរលួ សហគមន៍តាអុកតាតេង សហគមន៍កោះរះ និងសហគមន៍៣មុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ និងលោកស្រី ស៊ូ គន្ធា ដែលបានប្តឹងទាមទារយកដីចំនួន១៣៨០ហិកតា នៅសាលាស្រុកតាំងគោក កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ តំណាងសហគមន៍ទាំង៤និងប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី៤ហើយដែល២លើករៀបចំប្រជុំនៅសាលាខេត្ត និង២លើកប្រជុំនៅសាលាស្រុកតាំងគោកដោយមិនគិតកិច្ចប្រជុំថ្នាក់ឃុំឡើយ។ ការទាមទារណាមួយរបស់បងប្អូនប្រជាពលរដ្ឋត្រូវឈរលើមូលដ្ឋានច្បាប់ ដោះស្រាយលើមូលដ្ឋានច្បាប់ មូលដ្ឋានជាក់ស្តែង សមស្រប តម្លាភាព និងយុត្តិធម៌ គឺជាគោលការច្បាស់លាស់ដែលត្រូវប្រកាន់យក និងបានគូសបញ្ជាក់ថា ក្រោយការចុះវាស់វែងលើផ្ទៃដីជាក់ស្តែងដែលបានទាមទារចំនួន១៣៨០ហិកតានោះ មានទំហំត្រឹមតែ៦៥៤ហិកតាតែប៉ុណ្ណោះ ហើយផ្ទៃដីនោះជាន់គ្នាលើដីសហគមន៍ទាំង៤ទៀតផង។

តំណាងសហគមន៍ទាំងបួនបានលើកឡើងពីប្រវត្តិដីដែលបានកាន់កាប់អាស្រ័យផល ដោយសហគមន៍អួរលួកាន់កាប់ដីឆ្នាំ ២០០១ រហូតមក មានសមាជិកសហគមន៍១៨៤គ្រួសារ មានផ្ទៃដី ១៣៧០ហិកតា។ សហគមន៍តាអុកតាតេង កាន់កាប់ឆ្នាំ២០០១ រហូតមក មានសមាជិកសហគមន៍ ១០០គ្រួសារ មានផ្ទៃដី១០១០ហិកតា។ សហគមន៍កោះរះកាន់កាប់ដីឆ្នាំ១៩៩៦រហូតមកមានសមាជិកសហគមន៍ ២៤៤ គ្រួសារ មានផ្ទៃដី ១៤៨៨ហិកតា។ សហគមន៍៣មុំកាន់កាប់ដីឆ្នាំ ២០០២រហូតមក មានសមាជិកសហគមន៍ ៣០៨ គ្រួសារមានផ្ទៃដី១៥៦១ ហិកតា។

ក្នុងឱកាសនោះ លោកមេឃុំទ្រៀលបានបញ្ជាក់ថា លោកបានទៅប្រាប់ឈ្មោះ ស៊ូ គន្ធាឱ្យមកចូលរួមប្រជុំដោះស្រាយ តែគាត់ថា និងបែងចែកគ្នា២ក្រុម មកចូលរួមប្រជុំព្រោះគាត់ជាប់ប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សគាត់។
ទន្ទឹមនឹងនេះ មេភូមិឈូក ឃុំទ្រៀលបានបញ្ជាក់ថាលោកធ្វើជាអនុភូមិតាំងពីឆ្នាំ ១៩៩៧ បន្ទាប់មកក្លាយជាមេភូមិមិនដែលបានទទួលព័ត៌មានថាឈ្មោះ ស៊ូ គន្ធា និងប្រជាពលរដ្ឋទាមទារ មានដីនិងកាន់កាប់នៅតំបន់នោះទេ។ ដូច្នេះ លោកសូមអំពាវនាវប្រជាពលរដ្ឋកុំជឿតាមការញុះញុងរបស់បុគ្គលណាដែលធានាថាមានដីច្រើនពេលទាមទារទៅ ដឹងតែបានហើយ៕
ដោយ ស៊ុម វណ្ណា





