កម្លាំងជំនាញចម្រុះបានរឹបអូសវត្ថុតាងខូចគុណភាព និងសម្រេចដុតបំផ្លាញចោលនៅទីលានចាក់សំរាម
AKP កំពង់ធំ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ -- ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ ដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន០៨នាក់ សហការជាមួយការិយាល័យក.ប.ប ក្រោមការដឹកនាំសម្របសម្រួល និងបញ្ជាផ្ទាល់ពីលោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំអនុវត្តតាមដីការសម្រេចរឹបអូសវត្ថុតាងខូចគុណភាពលេខ ៨៨ អ.ក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្ត ដោយសម្រេចដុតបំផ្លាញចោលនូវផលិតផលខូចគុណភាពទឹកដោះគោ Dutch Mill នៅទីលានចាក់សំរាមស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានលើកឡើងថា ផលិតផលដែលខូចគុណភាព លក់នៅលើទីផ្សារដែលជាចំណីអាហារពេញនិយមរបស់កុមារ ប្រសិនបើមិនបានចុះពិនិត្យឱ្យត្រឹមត្រូវទេនោះមនុស្សទូទៅយកទៅបរិភោគប៉ះពាល់ដល់សុខភាព និងបាត់បង់អាយុជីវិតមនុស្សផងដែរ។ ក្នុងការចូលរួមចំណែកទប់ស្កាត់ការលក់ផលិតផលដែលខូចគុណភាពនេះនៅតាមទីផ្សារ សូមបងប្អូនប្រជាពលរដ្ឋមុននឹងទទួលទាន ត្រូវពិនិត្យកាលបរិច្ឆេទថ្ងៃកំណត់ឱ្យបានត្រឹមត្រូវចៀសវាងបរិភោគទៅប៉ះពាល់ដល់សុខភាព។

ជាមួយគ្នានេះដែរ លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំសម្របសម្រួលក្រុមកាងារដោយផ្ទាល់ ដើម្បីធ្វើការដុតបំផ្លាញចោលទាំងស្រុងនៅវត្ថុតាងដែលជាផលិតផលខូចគុណភាពទឹកដោះគោ Dutch Mill សរុបចំនួន៩១កេស ស្មើនឹង៣៨១៥ដប ដែលបានធ្វើការបង្រ្កាបបាននេះគឺដើម្បីសុវត្ថិភាពចំណីអាហារសុខុមាលភាពសាធារណៈ និងសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការនគរបាលខេត្តកំពង់ធំ)





