លោក នេន ចំរើន នាំយកស័ង្កសី និងគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសាមគ្គី បាននាំយកស័ង្កសីចំនួន២០០សន្លឹក និងគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ើងដំបូលផ្ទះចំនួន១៨គ្រួសារ ស្ថិតនៅចំណុចសារិកាកែវ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

លោក នេន ចំរើន បានចូលរួមការសោកស្តាយចំពោះគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលបានបំផ្លាញដំបូលផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ១៨គ្រួសារ ស្ថិតនៅភូមិសារិកាកែវ ឃុំសាមគ្គី ស្រុកព្រៃនប់ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងណាម្នាក់ទទួលរងគ្រោះដោយយើងមិនបានគិតគូរជួយសង្គ្រោះនោះទេ ព្រមទាំងបានធ្វើការណែនាំដល់ក្រុមការងារចុះមូលដ្ឋានឃុំ-សង្កាត់នីមួយៗ ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសគ្រោះមហន្តរាយនានា ដែលនឹងកើតមានឡើងជាយថាហេតុ។

លោកប្រធានក្រុមការងារចុះមូលដ្ឋានឃុំសាមគ្គីបានថ្លែងថា សម្រាប់ឃុំសាមគ្គីទទួលរងគ្រោះធម្មជាតិសរុបចំនួន៣លើក នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ ដែលលើកទី១ និងលើកទី២មានពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួនសរុប ៣៣៤គ្រួសារ ព្រមទាំងបានធ្វើការបែងចែកជូននូវស័ង្កសីអស់ចំនួន ២ ៣៩៧សន្លឹក និងលើកទី៣ រងគ្រោះថ្មីៗនេះកាលពីថ្ងៃទី ១១-១២ ខែមីនា ឆ្នាំ២០២៥ មានចំនួន១៨គ្រួសារបន្ថែមទៀត ធ្វើឱ្យប៉ើងស័ង្កសីផ្ទះអស់ចំនួន ១៦៨សន្លឹក ហើយជាមួយគ្នានោះផងដែរក៏បាននាំយកជាគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនប្រជាពលរដ្ឋរងគ្រោះផងដែរ។

ក្នុងឱកាសនោះ លោក នេន ចំរើន ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង១៨គ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ទាំងអស់ត្រូវមានការប្រុងប្រយ័តខ្ពស់ចំពោះគ្រោះមហន្តរាយខ្យល់កន្ទ្រាក់ ផ្គរ រន្ទះនៅដើមរដូវវស្សាឆ្នាំ២០២៥ ឱ្យបានគ្រប់គ្នា ដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសារ៕
ដោយ ងូ សុមុនី





