លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ អញ្ជើញវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៥ -- ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប បានអញ្ជើញជាអធិបតីភាពក្នុងការបើកវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវមរណភាពមាតា និងទារកជុំវិញកំណើតនិងការឆ្លើយតបនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងអភិវឌ្ឍសមត្ថភាពក្រុមការងារបច្ចេកទេសពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយអនុលោមតាមពិធីសារជាតិស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើតក្នុងគោលដៅកាត់បន្ថយអត្រាមរណភាពមាតា និងទារក។
ក្នុងឱកាសនេះ លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ និងលើកយកបញ្ហាចំបងៗដែលយើងត្រូវចូលរួមដោះស្រាយរួមគ្នាដូចជា៖ ១. ចំណុចដែលត្រូវបំពេញបន្ថែមទាក់ទងនឹងដំណើរការនៃគណកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។ ២. ការពិនិត្យមរណភាពមាតា និងទារក មិនទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយជាពិសេសការកំណត់រកមូលហេតុដែលចូលរួមដល់មរណភាពឱ្យបានត្រឹមត្រូវ។ ៣. បញ្ហាចម្បងទាំង៣ដែលអាចកើតមានក្នុងពេលអនុវត្តពិធីសារថ្មីដែលបានសិក្សាដោយអង្គការសុខភាពពិភពលោក(WHO)លើប្រទេសចំនួន៣៩ ចាប់តាំងពីឆ្នាំ២០១៦ ដូចជា ការកំណត់អត្តសញ្ញាណករណី និងការប្រមូលព័ត៌មានជាពិសេសករណីមរណភាពនៅតាមផ្ទះឬសហគមដាច់ស្រយាល បញ្ហាធនធាននៅមូលដ្ឋានសុខាភិបាល និងការយល់ដឹង និងការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងសហគមនៅមានកម្រិត។

លោកជំទាវបានបន្ថែមថា ក្រសួងសុខាភិបាលនឹងបន្តគាំទ្រ និងពង្រឹងគុណភាពនៃផ្តល់សេវាសុខភាពមាតា និងទារក តាមរយៈការប្រើប្រាស់ភស្តុតាងថ្មីពីប្រព័ន្ធស្រាវជ្រាវ និងឆ្លើយតបមរណភាពមាតាទារក និងពង្រីកប្រសិទ្ធភាពនៃប្រព័ន្ធទៅគ្រប់មូលដ្ឋានសុខាភិបាលខេត្ត-រាជធានីទាំងអស់ ដើម្បីចូលរួមសម្រេចបាននូវគោលដៅនៃរបៀបវារៈសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) និងគោលដៅគ្របដណ្តប់សុខភាពជាសកលត្រឹមឆ្នាំ២០៣០។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ដោយមានការចូលរួមពី លោកស្រី Catherine Breen Kamkong ទីប្រឹក្សាបច្ចេកទេសសុខភាពបន្តពូជ ផ្លូវភេទ នៃការិយាល័យUNFPA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Sandra Bemklau តំណាងអង្គការUNFPA ប្រចាំប្រទេសកម្ពុជា លោកស្រីវេជ្ជ Kusum Thapa ទីប្រឹក្សា និងជាគ្រូបង្គោលនៃការិយាល័យ UNFPAប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកជំទាវសាស្ត្រាចារ្យ ឯកឧត្តមសាស្ត្រាចារ្យ លោក លោកស្រី ជាគណកម្មការស្រាវជ្រាវមរណភាពមាតា និងទារកថ្នាក់ជាតិតំណាងអង្គការដៃគូអភិវឌ្ឍន៍ WHO UNICEF សរុបចំនួន ២០រូប៕
ដោយ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសុខាភិបាល)





