ភេរវករ ១៦នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង បន្ទាប់ពីការវាយប្រហារដោយរថភ្លើងនៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- ប្រភពពីកងកម្លាំងសន្តិសុខប៉ាគីស្ថានបាននិយាយថា ខ្លួនបានសម្លាប់ភេរវករយ៉ាងហោចណាស់ ១៦នាក់ក្នុងអំឡុងពេលប្រតិបត្តិការមួយដើម្បីជួយសង្គ្រោះចំណាប់ខ្មាំងបន្ទាប់ពីការវាយប្រហារដោយរថភ្លើងនៅក្នុងស្រុកកាចជី ខេត្តបាឡូជីស្ថាន ភាគនិរតីរបស់ប្រទេស។
ប្រភពសន្តិសុខបានប្រាប់សារព័ត៌មាន Xinhua កាលពីថ្ងៃពុធថា ប្រតិបត្តិការយោធាបានបែងចែកភេរវករជាក្រុមតូចៗ ហើយការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លាបានបន្តរវាងកងកម្លាំងសន្តិសុខ និងក្រុមអ្នកវាយប្រហារ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កងកម្លាំងសន្តិសុខបានរំដោះចំណាប់ខ្មាំងចំនួន ១០៤នាក់ចេញពីក្រុមភេរវករដោយជោគជ័យ ក្នុងនោះមានបុរស ៥៨នាក់ ស្រី ៣១នាក់ និងកុមារ ១៥នាក់ ។ ប្រភពបាននិយាយថា យ៉ាងហោចណាស់អ្នកដំណើរចំនួន ១៧នាក់ដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដោយប្រភពបន្ថែមថា កិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីធានាឱ្យមានការដោះលែងអ្នកដំណើរដែលនៅសេសសល់ដោយសុវត្ថិភាព។
មន្ត្រីជាន់ខ្ពស់ផ្លូវដែកប៉ាគីស្ថាន លោក មូហាមម៉ាដ កាស៊ីហ្វ (Muhammad Kashif) បានប្រាប់សារព័ត៌មាន Xinhua ថា រថភ្លើងបានចេញដំណើរពីទីក្រុង Quetta ភាគនិរតីទៅកាន់ទីក្រុង Peshawar ភាគពាយ័ព្យ នៅពេលដែលពួកសកម្មប្រយុទ្ធបានបើកការវាយប្រហារ។
លោក កាស៊ីហ្វ បាននិយាយថា «ការវាយប្រហារបានកើតឡើងនៅតំបន់ភ្នំមួយដែលការទំនាក់ទំនងត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងដោយសារតែកង្វះសេវាទូរស័ព្ទ។ នៅក្នុងការទំនាក់ទំនងចុងក្រោយជាមួយរថភ្លើង អ្នកបើកបរបានរាយការណ៍ថា ការបំផ្ទុះផ្លូវដែកបានបង្ខំឱ្យរថភ្លើងឈប់។ ភ្លាមៗនោះពួកសកម្មប្រយុទ្ធបានបើកការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរធ្វើឱ្យអ្នកបើកបរ និងអ្នកដំណើរជាច្រើននាក់រងរបួស»៕
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេហ៍បាហ្ស សារីហ្វ (Shehbaz Sharif) បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើរថភ្លើង ដោយលោកបានសរសើរកងកម្លាំងសន្តិសុខចំពោះភាពក្លាហាន និងជំនាញវិជ្ជាជីវៈរបស់ពួកគេក្នុងការប្រឈមមុខនឹងភេរវករ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





