កាកបាទក្រហមកម្ពុជាខេត្តក្រចេះ អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ធុន គ្រី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានអញ្ជើញដឹកនាំក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនស្ត្រីមានផ្ទៃពោះ ស្រ្តីជាមាតានៃទារកទើបសម្រាលដែលអញ្ជើញមកពីឃុំអូរគ្រៀង២៣នាក់ និងឃុំក្បាលដំរី២២នាក់ សរុបចំនួន៤៥នាក់ ដែលរៀបចំឡើងនៅបរិវេណមណ្ឌលសុខភាពអូរគ្រៀង ដោយមានការចូលរួមពីលោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក លោកមេឃុំ អ្នកស្ម័គ្រចិត្តសុខភាពភូមិ និងបុគ្គលិកមណ្ឌលសុខភាព។

ក្នុងឱកាសនោះ ឯកឧត្តម ធុន គ្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរដល់សុខទុក្ខ បងប្អូនជនរួមជាតិទាំងអស់គ្រប់ពេលវេលាគ្រប់ទីកន្លែង ទោះបីនៅជនបទដាច់ស្រយាលយ៉ាងណាក្តី។

ទន្ទឹមនឹងនេះ ឯកឧត្តមបានសម្តែងការអរគុណជាពន់ពេកចំពោះបងប្អូនស្ត្រីយើង ដែលមានការយល់ដឹងច្រើនពីបញ្ហាសុខភាព បានចូលរួមប្រើប្រាស់សេវាថែទាំសុខភាព ដូចជាការទៅពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យ ទៅទទួលសេវាថែទាំ និងថ្នាំបង្ការការចម្លងមេរោគផ្សេងៗ និងបានបោះបង់ទម្លាប់សម្រាលកូនដោយឆ្មបបុរាណ មកជាការសម្រាលកូន នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងកន្លែងដែលមានពេទ្យជំនាញ អាចកាត់បន្ថយបានយ៉ាងពិតប្រាកដនៃអត្រាមរណៈរបស់មាតា និងទារក។ នេះសបញ្ជាក់ឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាល។ នៅក្នុងបរិបទនេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាន និងកំពុងចូលរួមគាំទ្រ និងផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។

ក្នុងឱកាសនោះ លោកជំទាវ ឈឹម សុធារី បានផ្សព្វផ្សាយនូវសារអំពាវនាវទាំង៨ចំណុចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនចំពោះបងប្អូនស្រ្តីទាំងអស់ ក្នុងឱកាសនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៥នេះ និងបានផ្សព្វផ្សាយពីសារសុខភាព១០០០ថ្ងៃដំបូងនៃជីវិតផងដែរ។

សូមជម្រាបជូនថា បងប្អូនស្រ្តីម្នាក់ៗទទួលបានសារុង១ មុង១ ភួយ១ កន្សែងពោះគោ១ សាប៊ូបោកខោអាវទម្ងន់៣គីឡូក្រាម១កញ្ចប់ និងថវិកា ៨០.០០០ រៀល៕

ដោយ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





