រដ្ឋបាលខេត្តកំពង់ស្ពឺជំរុញពន្លឿនការងារ ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនៅស្រុកភ្នំស្រួច
AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ហន ភក្ដី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារ ដើម្បីចុះតាមដាន គាំទ្រ ពង្រឹង ការងារស្ថិតិ អត្រានុកូលដ្ឋាន និងការងារអត្តសញ្ញាណកម្ម ការពង្រឹងយន្តការច្រកចេញចូលតែមួយ ទាំងស្រុក និងឃុំ ក្នុងស្រុកភ្នំស្រួច កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួម ពីលោកស្នងការរង ទទួលផែន លោក លោកស្រី អង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ ស្រុក មេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ ជំនួយការឃុំ ប្រមាណជិត១០០រូប។

ក្នុងឱកាសនោះ ឯកឧត្តម ហន ភក្ដី បានស្នើឱ្យរដ្ឋបាលស្រុកភ្នំស្រួច ត្រូវចុះធ្វើការតាមដាន ត្រួតពិនិត្យនូវបញ្ហាប្រឈមតាមបណ្តា ឃុំក្នុងការតម្រង់ទិស ប្រកបដោយគតិយុត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើសំបុត្រអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបានក្រើនរម្លឹកដល់ រដ្ឋបាលស្រុក ឃុំ ធ្វើការពិនិត្យឡើងវិញចំពោះការធ្វើ អត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋនៅតាម ភូមិ ឃុំដោយទាយកកម្រៃសេវាដោយខុសច្បាប់ ពីប្រជាពលរដ្ឋដែលពួកគាត់កំពុងមានតម្រូវការចាំបាច់ក្នុងការធ្វើឯកសារ សម្រាប់ការចុះបញ្ជីដីធ្លី។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍សង្កន់ធ្ងន់ថា កន្លងមកក្នុងករណីនេះត្រូវបានបងប្អូនប្រជាពលរដ្ឋយើងមិនពេញចិត្តចំពោះអាជ្ញាធរមូលដ្ឋានមួយចំនួន ដែលមិនបានគិតគូរពីទុក្ខលំបាករបស់ពួកគាត់ ធ្វើឱ្យប៉ះពាល់ដល់គោលការណ៍របស់រាជរដ្ឋាភិបាលទៀតផង និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកភ្នំស្រួច ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងរយៈពេលជិត១ត្រីមាសដើមឆ្នាំ២0២៥។ដូចនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តសហប្រតិបត្តិការជាមួយប្រជាពលរដ្ឋ កែលម្អការផ្តល់សេវាសេវាសាធារណៈជូនប្រជាពលរដ្ឋយើងឱ្យកាន់តែលឿន និងមានប្រសិទ្ធភាព៕


ដោយ លឹម សាន្ត





