លោកជំទាវ ពុំ ចន្ទីនី ដឹកនាំរៀបចំសន្និបាតសាខាអាណត្តិទី៦ និងបោះឆ្នោតគាំទ្របេក្ខភាពគណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥-- សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងមានរៀបចំសន្និបាតសាខាអាណត្តិទី ៦ (២០២៥-២០៣០) ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងជាប្រធានអង្គសន្និបាត ព្រមទាំងគណៈកិត្តិយស សមាជិកសមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងភ្ញៀវកិត្តិយសសរុបចំនួន២៧០នាក់ នៅអគារសន្និបាត និងពិព័រណ៍គជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង។
សន្និបាតនេះមានគោលបំណងសំខាន់គឺ៖ ១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)។ ២- ពិនិត្យ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)។ ៣- បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។

ដំណើរការនៃសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានសម្រេចចាត់តាំងលោកជំទាវ ដួង វណ្ណា ជាប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល អនុប្រធានកិត្តិយស និងសមាជិកអនុប្រធានកិត្តិយសសរុបចំនួន២៤រូប សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង អាណត្តិទី៦។ ទន្ទឹមនឹងនេះសន្និបាតមានសមាជិកពេញសិទ្ធិក្នុងការបោះឆ្នោតចំនួន៦៩នាក់ ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខភាព គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងអាណត្តិទី៦ ចំនួន១៥រូប។ ជាលទ្ធផលមាន៦៩សំឡេងគាំទ្រលើ៦៩សំឡេង ដោយអនុវត្តតាមនីតិវិធីរបស់គណៈកម្មការបោះឆ្នោត ក្នុងនោះដែរគណៈកម្មាធិការសាខាដែលទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកទី១ ដឹកនាំដោយ លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ដើម្បីជ្រើសរើសបេក្ខភាពជាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ក្នុងអាណតិ្តទី៦។ អង្គប្រជុំបានសម្រេចឯកភាពគ្នាជ្រើសរើសឯកឧត្តម ប៉េង ពោធិ៍សា ជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ហែម ពិសិដ្ឋ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងលោកជំទាវ ភួង សារី ជាលេខាធិការគណៈកម្មាធិការសាខា ព្រមទាំងសមាជិក សមាជិកាសរុបចំនួន១៥នាក់ (ស្រី៤នាក់)។


បន្ទាប់ពីប្រគល់សេចក្តីសម្រេចស្តីការតែងតាំងគណៈកិត្តយស និងប្រគល់ត្រាជូនគណៈកម្មាធិការសាខាអាណត្តិទី៦រួចមក លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានអានសេចក្តីថ្លែងការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានបញ្ជាក់ថាដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សាខា សូមអង្គសន្និបាតបន្តពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌និងការរួបរួមគ្នាក្នុងសង្គមជាតិតាមរយៈការអនុវត្តកិច្ចការគន្លឹះសំខាន់ៗចំនួន៣ រួមមាន៖ ទី១. ការផ្ដល់អំណោយធម៌ជូនជនងាយរងគ្រោះបំផុត ការឧបត្ថម្ភផ្ទាល់នានាសម្រាប់ទ្រទ្រង់ដល់សម្មភាពរបស់សាខា និងរៀបចំយន្តការត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពី វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម គ្រោះមហន្តរាយធម្មជាតិនិងការប្រែប្រួលអាកាសធាតុ។ ទី២. ការលើកកម្ពស់ការយល់ដឹង និងចូលរួមផ្ដល់ការអប់រំផ្សព្វផ្សាយលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានា ជំងឺមិនឆ្លងមួយចំនួនដូចជាជំងឺមហារីក ទឹកនោមផ្អែម បេះដូងសរសៃឈាមដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ រួមទាំងការលើកកម្ពស់ សុខភាព មាតា ទារក កុមារនិងមនុស្សពេញវ័យ និងទី៣. ការលើកកម្ពស់គុណតម្លៃ និងលើកកម្ពស់ចលនាមនុស្សធម៌ សេចក្តីថ្លៃថ្នូរ មនុស្សជាតិ លើកកម្ពស់វប្បធម៌អហិង្សា ការពារសុខសន្តិភាព ដែលក្នុងនោះទាមទារឱ្យមានការចូលរួម ពង្រឹងស្មារតី សាមគ្គីភាព ការលើកកម្ពស់ វប្បធម៌នៃការចែករំលែក និងការជួយគ្នាទៅវិញទៅមកចាប់ពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ។


បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង អាណត្ដិទី៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានបន្តដឹកនាំកិច្ចប្រជុំតម្រង់ទិស ជាមួយសមាជិក សមាជិកា គណៈកម្មាធិការសាខា អាណត្ដិទី៦ និងអនុសាខា៨ក្រុងស្រុក ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ឱ្យបានកាន់តែប្រសើរជាងមុន និងទាន់ពេលវេលា៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





