ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយទឹកសហគមន៍ចំនួន២៩កន្លែងក្នុងខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយទឹកសហគមន៍ចំនួន២៩កន្លែង ដោយគាំទ្រថវិកាសាងសង់ដោយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ ដោយពិធីបានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាស្រះចែង ស្ថិតនៅក្នុងភូមិប្រិយ៍ ឃុំទ្រាស ស្រុកស្វាយចេក និងទទួលបានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ដ្រីរាជការ លោក អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជិត១០០០នាក់។

ឯកឧត្តម អ៊ុំ រាត្រី បានបង្ហាញឱ្យដឹងថា ស្ថានភាពប្រើប្រាស់ទឹកស្អាតនៅទូទាំងខេត្តមានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន២៩ក្រុមហ៊ុន និងមានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួន១៣៨ ២៥៨គ្រួសារ ស្មើនឹង៦៨,៦៥% គ្របដណ្តប់លើ៦០៦ភូមិ/៦៦៤ភូមិ មានបណ្តាញចែកចាយទឹកតាមបំពង់ចំនួន១០៦បណ្តាញ ក្នុងនោះសហគមន៍មានចំនួន ៧២បណ្តាញ និងឯកជនមានចំនួន ៣៤បណ្តាញរីឯស្ថានីយផលិតទឹកផឹកមានចំនួន១៧០ ក្នុងនោះសហគមន៍មានចំនួន ៣៤ និងឯកជនមានចំនួន ១៣៦។ ទាំងបណ្តាញចែកចាយទឹកតាមបំពង់ ទាំង ស្ថានីយផលិតទឹកផឹក គ្របដណ្តប់លើ ១៤៧ ៦៣៧គ្រួសារ ស្មើនឹងអត្រាប្រើប្រាស់ទឹកស្អាត៧៣%។

ជាមួយគ្នានេះដែរ លោក ជេនេស អ៊ីម៉ានូអែលហ្គិនទីញ នាយកអង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា អង្គការបានកែលម្អលទ្ធភាពប្រើប្រាស់ទឹកក្នុងខេត្តបន្ទាយមានជ័យ ចាប់តាំងពីការបង្កើតប្រព័ន្ធទឹកដំបូងនៅក្នុងឆ្នាំ២០១៥ រហូតឈានដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទឹកស្អាតចំនួន២៩ទីតាំង ក្នុងឆ្នាំ២០២៥ ក្នុងស្រុកទាំង៥ដែលមានគ្រួសារទទួលផលចំនួន ១៤ ៩៥១ គ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងសមិទ្ធផលរីកចម្រើនគួរជាទីមោទនៈក្នុងខេត្តបន្ទាយមានជ័យ ដែលបានធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងជាលំដាប់ ជាពិសេសការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅ ដោយប្រជាពលរដ្ឋនៅតំបន់ជនបទ មានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ និងបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកទទួលទានទឹកមានសុវត្ថិភាព និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។ សមិទ្ធផលដែលសម្រេចបានក្នុងខេត្តនាពេលនេះអាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសមិទ្ធផលធំៗ និងលេចធ្លោគួរឱ្យកត់សម្គាល់ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងរយៈពេលជិត១៨ខែកន្លងមកនេះ របស់រាជរដ្ឋាភិបាលបាន និងកំពុងបន្តដើរលើមាគ៌ាដ៏ត្រឹមត្រូវ ដោយថែរក្សាបាននូវសុខសន្តិភាព និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច ដោយអត្រាកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ ក្នុងវង្វង់ប្រមាណ៦% ខណៈអត្រាកំណើនសម្រាប់ឆ្នាំ២០២៥ ត្រូវបានរំពឹងទុកថានឹងមានអត្រាប្រមាណ ៦,៣% ដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាលំដាប់។
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្រ្ដីបានជម្រាបជូនអង្គពិធីអំពីចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនគឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។ ពាក់ព័ន្ធនឹងវិស័យផ្គត់ផ្គង់ទឹកស្អាតជនបទ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបាន និងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការជំរុញអាត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០ ដែលស្របនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ និងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធនានាទាំងអស់បន្តចូលរួម និងសហការលើសកម្មភាពលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត ក៏ដូចជាអនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីរួមចំណែកសម្រេចឱ្យបានគោលដៅអត្រាគ្របដណ្តប់១០០% នៅឆ្នាំ២០៣០របស់រាជរដ្ឋាភិបាល៕
ដោយ ឈុន សារ៉ាត





