ឯកឧត្តម អ៊ុន ចាន់ដា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
AKP កំពង់ចាម ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥-- នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យឯកឧត្តម SANTO DARMOSUMARTO ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាការងារ ឯកឧត្តម អ៊ុន ចាន់ដា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដោយបានបង្ហាញពីសក្តានុពលរបស់ខេត្តថា ខេត្តកំពង់ចាមជាខេត្តជាខេត្តដែលមានសក្តានុពលលើគ្រប់វិស័យ ទាំងវិស័យកសិកម្ម សេដ្ឋកិច្ច ទេសចរណ៍ ហើយវិស័យកសិកម្មដើរតួយ៉ាងសំខាន់ ជាប្រភពចំណូលសេដ្ឋកិច្ចរបស់ខេត្ត ចង់បានវិនិយោគិននៃសាធារណរដ្ឋឥណ្ឌូនេស៊ីមកវិនិយោគនៅខេត្តកំពង់ចាមឱ្យបានច្រើន ហើយខេត្តកំពង់ចាមមានបំណងធ្វើកិច្ចសហការចងមេត្រីភាពជាមួយបណ្តាខេត្តនៃប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរការវិនិយោគផលិតផលគ្នាទៅវិញទៅមក។

ក្នុងឱកាសនោះ ឯកឧត្តម SANTO DARMOSUMARTO ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តកំពង់ចាម ដែលបានទទួលប្រតិភូប្រកបដោយការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ហើយឯកឧត្តមនឹងបង្ហាញអំពីសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមដល់ក្រុមវិនិយោគិនក្នុងប្រទេស រួមទាំងកៀរគរអ្នកវិនិយោគប្រទេសរបស់ខ្លួនមកវិនិយោគនៅខេត្តកំពង់ចាម ដែលជាខេត្តមានសក្តានុពលលើគ្រប់វិស័យដែលអាចធ្វើការវិនិយោគ ដើម្បីជួយដល់ការអភិវឌ្ឍរបស់ខេត្ត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង៕


ដោយ ឆាយ ម៉ុត





