ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចុះពិនិត្យផ្លូវបេតុង៣ខ្សែ ស្ថិតនៅក្រុងកំពង់សោម
AKP ព្រះសីហនុ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងលោកអភិបាលក្រុងកំពង់សោម ចុះពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ២០២៤ ចំនួន៣ខ្សែ ស្ថិតនៅសង្កាត់ចំនួន៣ គឺ សង្កាត់រាម សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។

គម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ២០២៤ ដូចជា៖ ១. ជួសជុលផ្លូវបេតុងចំនួន១ខ្សែ ប្រវែង៥៩០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ លូមូលកាត់ ទទឹងផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង ៩ម៉ែត្រ ចំនួន ២កន្លែង និងលូប្រអប់ចំនួន ១កន្លែង ទំហំ ១,៥ម៉ែត្រ x ១,៥ម៉ែត្រ ប្រវែង ៩ម៉ែត្រ និងខ្នែងផ្លូវចំនួន ៣កន្លែង ទំហំ ៧៨ម៉ែត្រការ៉េ ស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម។ ២. ជួសជុលផ្លូវបេតុងចំនួន១ខ្សែ ប្រវែង៧៧៧ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ លូប្រអប់ទទឹង ២ម៉ែត្រ កម្ពស់ ១ម៉ែត្រ មាន ប្រវែង ៧ម៉ែត្រ និងលូមូលកាត់ទទឹងផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង ៧ម៉ែត្រ ចំនួន ១កន្លែង និងមុខឈ្នៀងទំហំ ២៦ម៉ែត្រការ៉េ ស្ថិតនៅភូមិទឹកចេញ សង្កាត់បឹងតាព្រហ្ម។ ៣. ជួសជុលផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង១ ១៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ លូប្រអប់ទំហំ ទទឹង ២,៥ម៉ែត្រ កម្ពស់១,២ម៉ែត្រ ប្រវែង ៧ម៉ែត្រ និងលូមូលកាត់ ទទឹងផ្លូវមុខកាត់ ០.៦ម៉ែត្រ ប្រវែង ៧ម៉ែត្រ ចំនួន១កន្លែង និងខ្នែងផ្លូវចំនួន ១កន្លែង ទំហំ ២៦ម៉ែត្រការ៉េ ស្ថិតនៅភូមិស្រែ ក្នុងសង្កាត់អូរជ្រៅ។

ក្នុងឱកាសនោះ ឯកឧត្តមបានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋាននៅអមសងខាងផ្លូវបេតុងទាំង៣ខ្សែខាងលើ ប្រកបដោយភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំខេត្ត ក្រុង អាជ្ញាធរសង្កាត់ ជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសាងខាងផ្លូវបេតុងសូមជួយថែរក្សា ការពារខ្សែផ្លូវក្នុងភូមិរបស់យើងឱ្យបានល្អ ព្រោះខ្សែផ្លូវបេតុងទាំងអស់នេះគឺជាសមិទ្ធផលថ្មីរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ក្នុងការប្រើប្រាស់សម្រួលធ្វើចរាចរណ៍ចេញចូល ដឹកផលិតផលកសិកម្មទៅកាន់ទីផ្សារបានងាយស្រួល ជាពិសេសថែមទៀតនោះ គឺជួយសម្រួលដល់កូនចៅរបស់យើងបានធ្វើដំណើរទៅកាន់សាលារៀនកាន់តែមានភាពងាយស្រួល។ ម្យ៉ាងទៀតផ្លូវបេតុងនេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចរកោណ ដំណាក់កាលទី១ ដោយផ្តោតសំខាន់ទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដោយសារកត្តាសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនចាប់ពីទីប្រជុំជន រហូតដល់ជនបទ ហើយផ្លូវបេតុងដែលកើតឡើងនៅទីនេះបានមកពីកត្តាសុខសន្តិភាព ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវបញ្ជូនកូនចៅចូលសាលារៀនឱ្យបានគ្រប់គ្នា ព្រោះនៅខេត្តព្រះសីហនុត្រូវការកម្លាំងពលកម្មជាច្រើនបំរើការងារនៅតាមរោងចក្រ សហគ្រាស ទាមទារឱ្យកូនចៅរបស់យើងមានចំណេះដឹង ជំនាញ និងសមត្ថភាពពេញលេញបម្រើការងារ និងទទួលបានប្រាក់ខែកាន់តែច្រើនជួយបង្កើនជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងទាំង៣ខ្សែខាងលើ បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្ត ក៏ដូចជាលោកអភិបាលក្រុង និងអាជ្ញាធរដែលគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានធ្វើការអភិវឌ្ឍប្រែក្លាយពីផ្លូវក្រាលក្រួសក្រហម ផ្លូវដី មកជាផ្លូវបេតុង ដើម្បីសម្រួលចរា ចរណ៍ជូនប្រជាពលរដ្ឋបានកាន់តែងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលាបានច្រើនថែមទៀតផង ពិសេសងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ ទីប្រជុំជននានាក្នុងខេត្តព្រះសីហនុ៕
ដោយ ងូ សុមុនី





