ឯកឧត្តម ម៉ាង ស៊ីណេត អនុញ្ញាតឱ្យសមាគមរាជសីហ៍ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ព្រះសីហនុ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានទទួលជួបក្រុមការងារសមាគមរាជសីហ៍ ដឹកនាំដោយឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសហការី នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍ក្រុមការងារសមាគមរាជសីហ៍ដែលបានចូលរួមការងារមនុស្សធម៌ជាមួយរដ្ឋបាលខេត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ។ នេះជាការលះបង់ចូលរួមការងារសង្គមជាមួយរដ្ឋបាលខេត្ត។ រដ្ឋបាលខេត្តសូមស្វាគមន៍ចំពោះការចូលរួមការងារមនុស្សធម៌ក្នុងខេត្តព្រះសីហនុ សូមប្រធានសមាគមខេត្តព្រះសីហនុ រក្សាខ្មែរតែមួយដោយរួមសាមគ្គីទំនាក់ទំនងល្អ ដើម្បីជួយប្រជាពលរដ្ឋដែលត្រូវការជំនួយ ដើម្បីសង្គមជាតិរបស់យើង ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន និងកំពុងធ្វើការអភិវឌ្ឍប្រទេសមានការរីកចម្រើន។ ទន្ទឹមនឹងការរីកចម្រើន រាជរដ្ឋាភិបាលកគិតគូរពីការងារសង្គម ការងារមនុស្សធម៌ផងដែរ សូមអគុណសមាគមដែលបានចូលរួមការងារមនុស្សធម៌ជាមួយរដ្ឋបាលខេត្ត ដើម្បីបន្តនិរន្តរភាពនៅក្នុងមូលដ្ឋានបានល្អប្រសើរ រួមគ្នាដើម្បីជាតិមាតុភូមិ ប្រជាពលរដ្ឋរបស់យើង និងជូនពរសមាគមទទួលបានជោគជ័យ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ថ្ងៃនេះរដ្ឋបាលខេត្តបានរៀបចំដង្ហែក្បូនពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៤ ជ័យលាភីលេខ១ សាលាមត្តេយ្យសិក្សាធនធាន ក្រុងព្រះសីហនុ លេខ៥ វិទ្យាល័យ ហ៊ុន សែន វាលរេញ និងលេខ៧ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ នេះជាមោនភាពសម្រាប់វិស័យអប់រំ និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឈានឆ្ពោះទៅឆ្នាំ២០២៥ គឺសម្រេចសេដ្ឋកិច្ចប្រទេសកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់ ដើម្បីឱ្យសេដ្ឋកិច្ចយើងខ្ពស់ទាល់តែកម្ពុជាមានធនធានមនុស្សរបស់យើងខ្លាំង ដែលកើតចេញពីវិស័យអប់រំ និងវិស័យសុខាភិបាលទើបយើងទទួលពានជ័យលាភីនាពេលនេះ។
ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានឱ្យដឹងថា សមាគមរាជសីហ៍ត្រូវបានបង្កើតនៅឆ្នាំ២០១៩ តាមចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលលេខ៧០៦៩ប្រ.កចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៩ មានស្នាក់ការនៅរាជធានីភ្នំពេញ និងមានសាខាសមាគមតាមបណ្តាខេត្ត និងក្រៅប្រទេសសរុបចំនួន២៩ទីតាំង។ ចក្ខុវិស័យរបស់សមាគម៖ ១. ផ្តល់ក្តីសង្ឃឹមដល់ជនងាយរងគ្រោះ ដូចជាកុមារកំព្រា ចាស់ជរាគ្នានទីពឹង ស្ត្រីក្រីក្រ កែលម្អគុណភាពនៃជីវិតរបស់ជនងាយរងគ្រោះក្នុងសង្គម។ ២. ផ្តល់នូវសេចក្តីស្រឡាញ់ ការខ្វល់ខ្វាយ ការយកចិត្តទុកដាក់ដល់ពួកគេ ដោយមិនគិតពីវប្បធម៌ ជំនឿសាសនា និងនិន្នាការនយោបាយ និងស្ថានភាពរបស់បុគ្គលក្នុងសង្គម សមាគមបានធ្វើការងារមនុស្សធម៌បានចំនួន ១ ៩៨៧លើក ដោយចំណាយថវិកាអស់ប្រមាណ ២.១៧៩.២៦០ដុល្លាអាមេរិក ផ្តល់អាហារូបករណ៍ដល់សិស្សចំនួន ៣០៨នាក់ ស្រី ១៣៧នាក់ ហើយកន្លងមកសមាគមរាជសីហ៍បានចូលរួមការងារសង្គមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ជាបន្តបន្ទាប់ និងសុំការសហការគាំទ្រពីរដ្ឋបាលខេត្ត។

ក្នុងឱកាសនោះ សមាគមរាជសីហ៍បានផ្តល់ អង្ករចំនួន ១តោន មីកម្ពុជា ១០០កេសតូច ទឹកបរិសុទ្ធ១០០កេស ទឹកត្រី៥០យួរ និងទឹកស៊ីអ៊ីវ៥០យួរ ដល់រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ការងារមនុស្សធម៌ក្នុងខេត្តព្រះសីហនុ៕

ដោយ ងូ សុមុនី





