ថ្នាក់ដឹកនាំក្រសួងអប់រំកោតសរសើរចំពោះការប្តេជ្ញារួមគ្នា ក្នុងការប្រឆាំងដូប៉ា ក្នុងវិស័យកីឡា
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ -- លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់អង្គភាពព័ន្ធរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា ដូប៉ា ឬដូពីង និងជំរុញឱ្យអត្តពលិកកម្ពុជាស្អាតស្អំជាដាច់ខាត ក្នុងវិស័យកីឡាលើឆាកអន្តរជាតិ។

ការកោតសរសើរនេះរបស់លោកជំទាវរដ្ឋលេខាធិការប្រចាំការត្រូវបានធ្វើឡើងនៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុ ដូប៉ា ក្នុងវិស័យកីឡា ដល់គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។
ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តអនុវត្តភារកិច្ចបានល្អប្រសើរ និងខ្នះខ្នែងពុះពារដោះស្រាយបញ្ហា ព្រមទាំងសម្របសម្រួលកិច្ចការនានាទាំងក្នុងនិងក្រៅប្រទេសបានជោគជ័យ។ លោកជំទាវក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់គប្បីខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់ណែនាំរបស់គ្រូឧទ្ទេស បើមានចម្ងល់ត្រូវហ៊ានសួរ ឬស្នើសុំឱ្យគាត់បញ្ជាក់ឡើងវិញ។ លោកជំទាវ គឹម សេដ្ឋានី ស្នើឱ្យសិក្ខាកាមយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្តដល់មិត្តរួមអាជីព អត្តពលិក ព្រមទាំងមន្ត្រីនៅក្នុងសហព័ន្ធរបស់ខ្លួន ព្រោះយើងមិនអាចធ្វើការបណ្តុះបណ្តាលបានគ្រប់ទាំងអស់គ្នាក្នុងរយៈពេលខ្លីនេះបានទេ បើអ្នកបានចូលសិក្សាមិនចែករំលែកបន្ត គឺយើងមិនអាចអនុវត្តបានជោគជ័យទាំងអស់គ្នាឡើយ។

ជាមួយគ្នានេះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្តល់គន្លឹះ៣ចំណុចសំខាន់ៗផងដែរ ៖ ទី១.សូមគណៈកម្មការជាតិអូឡាំពិកកម្ពុជាសហការជិតស្និទ្ធជាមួយទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដូចជាការសហការ ជំរុញលើកទឹកចិត្តជួយគាំទ្រ ការផ្តល់ពត៌មាន ប្រតិទិន ការប្រកួតកម្រិតអន្តរជាតិ ដើម្បីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា រៀបចំផែនការអប់រំប្រឆាំងដូពីង និងធ្វើតេស្ត លើប្រភេទកីឡា ដែលត្រូវចូលរួម កម្រិតពិភពលោកនានា ឱ្យទាន់ពេលវេលា។ ទី២.ស្នើគ្រប់ភាគីពាក់ព័ន្ធ មានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធជាតិ គ្រូបង្វឹកជួយជំរុញ និងបន្តយកចំណេះដឹង ទទួលបានក្នុងវគ្គនេះទៅដល់សហការី និងអ្នកពាក់ព័ន្ធក្នុងស្ថាប័នខ្លួន ដើម្បីដល់អត្តពលិកកម្ពុជា ក្នុងការបំពេញតាមលក្ខខណ្ឌអន្តរជាតិ។ ទី៣.អត្តពលិកកម្ពុជាកម្រិតខ្ពស់ ដែលត្រូវចេញទៅប្រកួតស៊ីហ្គេម ចុងឆ្នាំ២០២៥ នៅថៃ ដាច់ខាតត្រូវតែមានវិញ្ញាបនបត្រ ADEL–E learning គ្រប់គ្នា រួមទាំងគ្រូបង្វឹកដែរ។
បើតាមការបញ្ជាក់របស់លោកស្រី លឿង សុផាណារ៉េត ប្រធានទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA) បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះដំណើរការពីថ្ងៃទី១០-១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង។ ផ្តល់ឱ្យសិក្ខាកាមយល់ដឹងពីអត្ថប្រយោជន៍ និងរបៀបដាក់ស្នើសុំប្រើប្រាស់ថ្នាំ ជពិសេសសិក្ខាកាមអាចចូលរៀនតាមប្រព័ន្ធអនឡាញ និងទាញយកវិញ្ញាបនបត្រ ពីប្រព័ន្ធបានដោយខ្លួនឯង និងអាចបញ្ចូលព័ត៌មានលម្អិតរបស់អត្តពលិករបស់ខ្លួន នៅក្នុងប្រព័ន្ធបានផងដែរ៕
ដោយ ហេង ណាលីន





