ក្រសួងព័ត៌មានកម្ពុជា និងតំណាងប្រព័ន្ធផ្សព្វផ្សាយ CMG ប្រទេសចិន បញ្ជាក់ពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការដែលមានពីមុន និងបង្កើនកិច្ចសហការថ្មីទៀត ដើម្បីពង្រឹងការផ្សព្វផ្សាយឱ្យកាន់តែល្អប្រសើរ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥
ដោយមានកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងព័ត៌មានកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយ CMG ប្រទេសចិន នៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលនាពេលកន្លងមកនេះគឺបានអនុវត្តន៍ស្របតាមទំនាក់ទំនងពី “មិត្តដែកថែប មកមិត្ត ត្បូងពេជ្រ” នោះ ភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការដែលមានពីមុន និងបង្កើនកិច្ចសហការថ្មីទៀត ដើម្បីពង្រឹងការផ្សព្វផ្សាយឱ្យកាន់តែល្អប្រសើរ។

ក្នុងកិច្ចសហប្រតិបត្តិការបន្តរវាងក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយចិន CMG នេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយ អ្នកនាង Xu Xiaoxia អនុប្រធានផ្នែកភាសាខ្មែរនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រួមទាំងប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មានការផ្សាយជាភាសាខ្មែរ ភាសាបារាំង អង់គ្លេស អារ៉ាប់ ហើយចង់ឱ្យបង្កើតជាភាសាចិន ១ទៀត ។ នៅទូរទស្សន៍ជាតិកម្ពុជា មានកម្មវិធីផ្សាយជាភាសា អង់គ្លេស និងបារាំង ហើយ ឯកឧត្តម រដ្ឋមន្ត្រី ចង់បង្កើតឱ្យមានកម្មវិធីព័ត៌មានផ្សាយជាភាសាចិនបន្ថែមមួយទៀត។ ជាមួយនេះ វិទ្យុជាតិកម្ពុជា ក៏មានកិច្ចសហប្រតិបត្តិការជាមួយវិទ្យុមិត្តភាពកម្ពុជា ចិន ហើយវិទ្យុជាតិក៏មានកម្មវិធីផ្សាយជាភាសាបារាំង អង់គ្លេស ហើយចង់ឱ្យមានកម្មវិធីផ្សាយជាភាសាចិនផងដែរ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកបន្តទៅមុខទៀតនោះ ឯកឧត្តម នេត្រ ភក្ត្រា ចង់ពង្រីកកិច្ចសហការរួមគ្នាលើការបកប្រែព័ត៌មានសំខាន់ៗដែលកើតមានឡើងនៅកម្ពុជា ពីភាសាខ្មែរ ទៅភាសាចិន ហើយក៏បកប្រែព័ត៌មាននៅប្រទេសចិន ពីភាសាចិន មកខ្មែរ ដែលជាក្របខ័ណ្ឌនៃការផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ ។

ឯកឧត្តម រដ្ឋមន្រ្តី បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយ CMG របស់ចិន ជួយលើផ្នែកបច្ចេកទេស និងសម្ភារ ឧបករណ៍ដើម្បីសម្រួលដល់ការផ្សព្វផ្សាយបានកាន់ល្អប្រសើរបន្ថែមទៀត ជាពិសេសេស CMG ដែលមានបណ្តាញផ្សាយជាច្រើន ជួយបង្កើនការផ្សព្វផ្សាយពីបរិបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា ប្រពៃណី វប្បធម៌ ទំនៀបទម្លាប់ និងសម្បត្តិធម្មជាតិ ពិសេសតំបន់ទេសចរណ៍ដ៏សម្បូរណ៍បែបនៅប្រទេសកម្ពុជា ទៅឱ្យប្រជាជនចិន បានដឹងស៊ីជម្រៅបន្ថែមទៀត ។
ជាមួយគ្នានេះ អ្នកនាង Xu Xiaoxia បានសម្ដែងនូវការីករាយដោយឃើញពីលទ្ធផលល្អនៃកិច្ចសហប្រតិបត្តិការគ្នារវាង ប្រព័ន្ធផ្សព្វផ្សាយ CMG ប្រទេសចិន និងក្រសួងព័ត៌មានកម្ពុជា ។ អ្នកនាងអនុប្រធានផ្នែកភាសាខ្មែរនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានឯកភាពបន្តពង្រឹងកិច្ចសហការនូវរាល់ចំណុចសំខាន់ៗដែល ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើង ហើយត្រូវតែរួមគ្នាអនុវត្តន៍ឱ្យទទួលលទ្ធផលថ្មីៗបន្ថែមទៀត ។

អ្នកនាង Xu Xiaoxia បានជម្រាបជូនថា CMG គឺជាប្រពន្ធ័ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដែលមានទ្រង់ទ្រាយធំជាងគេ និងបានផលិតកម្មវិធីច្រើនជាងគេលើពិភពលោក តាមរយៈប្រព័ន្ធផ្សាយ CGTN និង CCTV ។ សម្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន គឺជាសាខាផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីនានា មកកាន់ប្រទេសកម្ពុជា តាមរយៈ CGTN ហើយដំណើរទំហំនៃការផ្សាយរបស់ CGTN មានចំនួន ៦៨ ភាសា ដើម្បីផ្សាយទៅកាន់ពិភពលោក ។

សូមរម្លឹកផងដែរថា កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយចិន CMG បានចុះហត្ថលេខាចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និង លោក Li Yi ប្រធានស្ថានីយ៍អាស៊ីប៉ាស៊ីហ្វិក នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម Hu Jinjun អគ្គនាយករង នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយភាគីចិនកន្លងមកនេះ ទូរទស្សន៍ជាតិកម្ពុជា មានការអភិវឌ្ឍថែមមួយកម្រិតទៀត ជាពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាលមន្រ្តីជំនាញ អ្នកយកព័ត៌មាន អ្នកបច្ចេកទេស អ្នកផលិតកម្មវិធី ការផ្សាយព័ត៌មានអន្តរជាតិ ជាភាសាខ្មែរតាមរយ: China Global Television Network -CGTN ៕

ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





