សិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីនៃការទទួល និងដោះស្រាយបណ្ដឹងធានារ៉ាប់រង
AKP កំពង់ធំ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥-- លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្តនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) តំណាងឯកឧត្តម ប៊ូ ច័ន្ទនីរូ អគ្គនាយកនៃន.ធ.ក លោក ស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ លោក ហុក ហៀង តំណាងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សិស្សានុសិស្ស និស្សិត និងសាធារណជន សមាជិកសមាជិកា បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "នីតិវិធីនៃការទទួល និងដោះស្រាយ បណ្ដឹងធានារ៉ាប់រង" នៅសណ្ឋាគារគ្លរៀស ហូថែល និងស្ប៉ាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។

លោក វ៉ា វិជ្ជា បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីនៃការទទួល និងដោះស្រាយបណ្ដឹងជានារ៉ាប់រង ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រៀបការយល់ដឹងបន្ថែមជូនដល់សាធារណជនអំពីសារប្រយោជន៍ការធានារ៉ាប់រងសញ្ញាណទូទៅនៃការធានារ៉ាប់រងប្រភេទនៃបណ្តឹងធានារ៉ាប់រងនីតិវិធីនៃការដាក់ពាក្យបណ្ដឹងធានារ៉ាប់រង និងយន្តការនៃការដោះស្រាយបណ្ដឹងធានារ៉ាប់រងក្នុងគោលដៅលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង។

សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់និងបានវាយតម្លៃខ្ពស់លើអត្ថប្រយោជន៍នៃការធានារ៉ាបរងព្រមទាំងបានផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលលើនីតិវិធីនៃការទទួលនិងដោះស្រាយបណ្ដឹងធានារ៉ាប់រង ជាពិសេសតួនាទីក្នុងការផ្សះផ្សាវិវាទធានារ៉ាប់រង។

លោក ស ប៉ាហូ បានលើកឡើងថា ការយល់ដឹងលើការធានារ៉ាប់រង និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការដាក់ពាក្យបណ្ដឹងធានារ៉ាប់រងមកនិយ័តករធានារ៉ាប់រងកម្ពុជាក្នុងប្រទេសកម្ពុជានៅមានលក្ខណៈចង្អៀតនៅឡើយ ហេតុនេះចម្បងមួយរបស់និយ័តករធានារ៉ាប់រង បេសកកម្ម គឺផ្សព្វផ្សាយ និងអប់រំសាធារណជនអំពីសារប្រយោជន៍នៃការធានារ៉ាប់រងនិងកិច្ចការពារអតិថិជនធានារ៉ាប់រងដែលមានកំណត់ជាក់លាក់ក្នុងក្របខណ្ឌ យុទ្ធសាស្ត្រអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជារបស់និយ័តករធានារ៉ាប់រងកម្ពុជា។ និយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី នីតិវិធីនៃការទទួលនិងការដោះស្រាយបណ្តឹងធានារ៉ាប់រងគឺក្នុងគោលដៅនូវការយល់ដឹងបន្ថែមជូនដល់មន្ត្រីរាជការ និងសាធារណជន អំពីប្រភេទនៃបណ្ដឹងធានារ៉ាប់រងនីតិវិធីនៃការដាក់ពាក្យបណ្តឹង និងតួនាទីរបស់និយ័តករក្នុងការដោះស្រាយបណ្តឹងធានារ៉ាប់រងក៏ដូចជាខ្លឹមសារនៃច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធការធានារ៉ាប់រង។

ទន្ទឹមនឹងនេះ លោក ស ប៉ាហូ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់បានចូលរួមសាទរចំពោះកិច្ចខិតខំប្រឹងប្រែង ជាពិសេសការគិតគូរនិងយកចិត្តទុកដាក់ និងការការពារចំពោះប្រជាពលដែលប្រើប្រាស់សេវា ធានារ៉ាប់រង តាមរយៈការបង្កើតឱ្យមាននូវយន្តការផ្សះផ្សាវិវាទធានារ៉ាប់រងដែលជាកត្តាសំខាន់ក្នុងការចូលរួមពង្រឹងទំនុកចិត្តរបស់សាធារណជនលើវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាទាំងមូល ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាព និងនិរន្តរភាព៕

ដោយ ស៊ុម វណ្ណា





