ខេត្តព្រះសីហនុប្រារព្ធខួបលើកទី១១៤នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប”
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥-- មន្ទីរកិច្ចការនារីខេត្ត សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ អបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប" ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងដោយមានការចូលរួមពីអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ មានប្រសាសន៍ថា ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរ និងរម្លឹកពីវីរភាពនៃការតស៊ូរបស់នាតីនៅទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាពប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្រ្តីនៅក្នុងសង្គម។ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ជាប្រធានបទក្នុងយុទ្ធនាការអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ និងពិតជាមានសារសំខាន់ណាស់ស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជារបស់យើង។ ប្រធានបទនេះមានគោលបំណងគូសបញ្ជាក់ពីសារសំខាន់នៃការទទទួលបាន និងអនុវត្តសិទ្ធិការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការធ្វើការរួមគ្នាប្រកបដោយថាមពលទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយ:អភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គម លើកកម្ពស់សុខុមាលភាពសង្គម និងការបង្កើតភាពអង់អាចចំពោះស្រ្តី និងក្មេងស្រី ដោយផ្តោតសំខាន់អត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ សហគមន៍ ជំរុញកំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចជំរុញការអនុវត្តក្នុងបេសកកម្មដ៏ថ្លៃថ្លា ដើម្បីស្រ្តី និងក្មេងស្រីទទួលនូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍តាមរយៈការទទួលស្គាល់ ផ្ដល់តម្លៃចាត់ទុកស្ត្រី ក្មេងស្រីជាមូលធនមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម ផ្ដល់ឱកាសឱ្យពួកគេចូលរួមប្រកបដោយសមភាព និងសមធម៌នៅគ្រប់វិស័យ។ រាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនភាពអង់អាចលើស្រ្តីក្នុងវិស័យសេដ្ឋកិច្ច វិស័យអប់រំ សុខភាព និងតួនាទីជាអ្នកដឹកនាំបង្កលក្ខណៈអំណោយផលដល់ស្រ្តីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្ត ក្នុងការចូលរួមកាត់បន្ថយភាពងាយរងគ្រោះ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្រ្តី និងក្មេងស្រី ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤- ២០២៨ បានដាក់ចេញនូវអភិក្រមបរិវត្តកម្មយេនឌ័រ ដោយផ្តោតលើការពង្រឹងយន្តការបញ្ជ្រាបយេនឌ័រនៅគ្រប់កម្រិត ឆ្លើយតបការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តី និងក្មេងស្រី ដោយធ្វើការពង្រឹងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ។ បង្កលក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្ត្រី និងក្មេងស្រីព្រមទាំងការលើកកម្ពស់អន្តរជំនាន់។ ការធ្វើស្ថាប័នីយកម្មថវិកា ឆ្លើយតបយេនឌ័រ ការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ការធ្វើបរិវត្តកម្មផ្នត់គំនិតយេនឌ័រ និងការពង្រឹងការតាមដានត្រួតពិនិត្យ និងវាយតម្លៃទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីនិង ក្មេងស្រី ដោយលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផែនការសកម្មភាពជាតិ ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ លើកកម្ពស់កិច្ចគាំពារសង្គម ពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល សហគ្រិនភាព ការអភិវឌ្ឍជំនាញសេដ្ឋកិច្ចគិតគូរពីសុខុមាលភាព អភិវឌ្ឍន៍បៃតង ការប្រែប្រួលអាកាសធាតុ ព្រមទាំងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងជួររាជរដ្ឋាភិបាល ឃុំ សង្កាត់ ក្រុង ស្រុក និងរាជធានី ខេត្ត ប្រកបដោយបរិយាបន្ន។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានបានធ្វើការអំពាវនាវ និងស្នើសុំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិពាក់ព័ន្ធនានា សូមបង្កើនការយកចិត្តទុកដាក់លើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេង ស្រីនៅក្នុងបរិវត្តកម្មឌីជីថល ធ្វើយ៉ាងណាឱ្យស្ត្រី និងក្មេងស្រីមានចំណេះដឹង និងសមត្ថភាពអាចធ្វើឱ្យពួកគេបានចូលរួមយ៉ាងសកម្ម និងប្រកបដោយសុវត្ថិភាពនៅក្នុងវិស័យសេដ្ឋកិច្ច ផ្តល់នូវមធ្យោបាយថ្មីៗ សម្រាប់ស្ត្រី និងក្មេងស្រីប្រកបដោយភាពថ្លៃថ្នូរក្នុងសង្គម៕
ដោយ ងូ សុមុនី





