ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះសាកសួរសុខទុក្ខកងការពារព្រំដែន៥០២
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥--នៅទីបញ្ជាការជួរមុខយោធភូមិភាគទី៥ ប្រចាំទិសទី៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាល ជាមួយកងកម្លាំងជួរមុខទិសទី៣ យោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ដែលពិធីសំណេះនេះសំណាលនេះ បានប្រារព្ធនៅទីបញ្ជាការកងការពារព្រំដែន៥០២ ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។

ជំនួសមុខឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងទិសទី៣ លោកមេបញ្ជាការកងការពារព្រំដែន៥០២ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងជួរមុខនៅក្នុងទិសទី៣ យោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានរួមចំណែកលើកទឹកចិត្តអោយបងប្អូនបំពេញភារកិច្ចកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ជូនជាតិមាតុភូមិ។

លោកមេបញ្ជាការកងការពារព្រំដែន ៥០២ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលកន្លងមក នាយទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែន ៥០២ បានយកចិត្តទុកដាក់ជាប្រចាំ លើភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី និងការពារសន្តិសុខជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមសហការទប់ស្កាត់បទល្មើសផ្សេងៗថែមទៀត។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងការពារព្រំដែន៥០២ ក៏ដូចជាកងកម្លាំងជួរមុខទិសទី៣ យោធភូមិភាគទី៥ ខេត្តបាត់ដំបងទាំងអស់ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ទៀ សីហា បានផ្តាំផ្ញើដល់កម្លាំងជួរមុខទាំងអស់ ត្រូវធ្វើកិច្ចសហប្រតិបត្តិការឱ្យបានល្អ កម្លាំងប្រទេសជិតខាង ដើម្បីកសាងតំបន់ព្រំដែនជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ នាំមកនូវផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរកម្ពុជា-ថៃ និងបានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានកងការពារព្រំដែន៥០២ និងកម្លាំងជួរមុខទាំងអស់ ត្រូវចូលរួមទប់ស្កាត់គ្រឿងញៀន និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
ជាមួយគ្នានេះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមអោយមានសុខភាពល្អ កម្លាំងខ្លាំងក្លា សម្រេចបានគ្រប់ភារកិច្ចការងារជូនជាតិមាតុភូមិ និងបានប្រគល់ជូនថវិកាដល់បណ្តាអង្គភាព ដែលឈរជើងនៅទិសទី៣ យោធភូមិភាគទី៥ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ៕
ដោយ សំ សាម៉ន





