ក្រសួងបរិស្ថាន និងធនាគារARDB រួមគ្នាលើកស្ទួយជីវភាពសហគមន៍តំបន់ការពារធម្មជាតិ និងលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងបរិស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥-- ក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) បានបើកិច្ចប្រជុំពិភាក្សាការងារលើកដំបូងរួមគ្នាមួយ បន្ទាប់ពីការចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការ ដើម្បីសំដៅធ្វើយ៉ាងណារួមគ្នាលើកស្ទួយជីវភាពសហគមន៍តំបន់ការពារធម្មជាតិ និងការលើកកម្ពស់ផ្សព្វផ្សាយចំណេះដឹងនិងយុទ្ធនាការអប់រំបរិស្ថាននាពេលកន្លងមក។

ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងជំនួបកិច្ចប្រជុំពិភាក្សាការងារធ្វើឡើងកាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន ដោយក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ និងឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននិងធនាគារARDB ដោយផ្អែកទៅតាមអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ។

នេះគឺជាកិច្ចប្រជុំក្រុមការងារដំបូងបន្ទាប់ពីការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីណែនាំក្រុមការងារនៃស្ថាប័នទាំងពីរ និងពិនិត្យពីលទ្ធភាពក្នុងការកំណត់សកម្មភាពការងារដែលអាចសហការគ្នាបាន។ ក្រុមការងារទាំងពីរបានជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ការងារដែលបានអនុវត្តកន្លងមក ហើយក្នុងនោះដែរ លោកជំទាវអនុរដ្ឋលេខាធិការ បានលើកឡើងពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។ បន្ទាប់មកក្រុមការងារក៏បានលើកឡើងពីលទ្ធភាពសហការណ៍គ្នាក្នុងការលើកស្ទួយជីវភាពសហគមន៍តំបន់ការពារធម្មជាតិ និងសកម្មភាពលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងនិងយុទ្ធនាការអប់រំបរិស្ថាន។

ប្រភពខាងលើនេះបានឱ្យដឹងថា ក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំងពីរនឹងបន្តពិភាក្សាគ្នាដើម្បីកំណត់ឱ្យបានជាក់លាក់អំពីគម្រោងដែលអាចអនុវត្តរួមគ្នាបាន ចំណែកឯថ្នាក់ដឹកនាំនៃក្រុមការងារទាំងពីរនឹងជួបប្រជុំគ្នារៀងរាល់បីខែម្ដង ដើម្បីពិនិត្យនិងតាមដានការអនុវត្តការងារ៕
ដោយ៖ ដេប៉ូ





