ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញបើកវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្កហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ធំប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមូលដ្ឋានក្រុងស្រុកទាំង៩និងមេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថដែលជាសិក្ខាកាមចំនួន១១១នាក់ (នារី០២នាក់)។ វគ្គហ្វឹកហ្វឺននេះមានរយ:ពេល៧៧ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានដាក់បទបញ្ជាយ៉ាងមឺងម៉ាត់ដល់សិក្ខាកាមទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ខិតខំប្រឹងហ្វឹកហាត់រៀនសូត្រនៅគ្រប់មុខវិជ្ជាទាំងអស់ដែលគ្រូយោធាចារ្យគ្រូបង្វឹកបានបង្កាត់បង្រៀន។ សូមគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់អង្គភាពឱ្យបានល្អ និងចេះសាមគ្គីគ្នា។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានឱ្យជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់ទៅលើការស្នាក់នៅ ការហូបចុករបស់នាយទាហាននាយទាហានរង និងពលទាហានដែលជាសិក្ខាកាម។ ត្រូវមានអនាម័យស្អាតជានិច្ច និងជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហានអាវុធហត្ថទាំងអស់ក្នុងការហ្វឹកហាត់ទទួលជោគជ័យទទួលបានបានចំណេះជំនាញ និងមានសុខភាពល្អ សម្រាប់ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើប្រទេសជាតិ៕


ដោយ ស៊ុម វណ្ណា





