សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់អាស៊ានបានវិវឌ្ឍន៍ខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាពដោយមានសក្តានុពលដ៏សម្បើម
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា តំបន់អាស៊ានបានវិវឌ្ឍន៍ខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាព ដោយមានសក្តានុពលដ៏សម្បើម ដែលអាចឆ្លុះបញ្ចាំងតាមរយៈឋានៈជាសេដ្ឋកិច្ចធំលំដាប់ទី៥ ក្នុងពិភពលោក ដោយតំបន់អាស៊ានមាន បរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញជាមួយនឹងចីរភាពខាងសេដ្ឋកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់។ ការថ្លែងបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម» នៅសណ្ឋាគារសូហ្វីតែល ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។

សម្តេចធិបតីនាយករដ្ឋ នៃកម្ពុជា បានលើកឡើងថា ដំណើរដ៏ជោគជ័យរបស់អាស៊ានលើទិដ្ឋភាពជាដៃគូសេដ្ឋកិច្ច បានស្តែងតាមរយៈបណ្តាញគ្រប់ជ្រុងជ្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹង ប្រទេសមានអំណាចសេដ្ឋកិច្ចសំខាន់ៗ។ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់ បានពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តឥតងាករេរបស់អាស៊ាននៅក្នុងការពង្រឹង
សមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយថា វឌ្ឍនភាពរបស់អាស៊ានក៏ត្រូវបានគាំទ្រដោយពាណិជ្ជកម្មដ៏រឹងមាំទាំងក្នុង និងក្រៅតំបន់អាស៊ាន រួមនឹងបរិយាកាសអំណោយផលដល់ការវិនិយោគបានធ្វើឱ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់លំហូរមូលធនពិភពលោក ដែលសមិទ្ធផលទាំងនេះបានប្រែក្លាយជា កាលានុវត្តភាពជាក់ស្តែងសម្រាប់វិនិយោគិនដែលស្វែងរកកំណើន និងស្ថិរភាពយូរអង្វែង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា តម្លៃ និងភាពជោគជ័យរបស់អាស៊ាន គឺផ្អែកលើភាគី និយម និងកុងសង់ស៊ីស ជាមួយនឹងបាវចនា «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ» ដោយរដ្ឋជាសមាជិកទាំងអស់ រួមទាំងកម្ពុជាបានប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អា ស៊ាន ដើម្បីនាំមកនូវវឌ្ឍនភាពសង្គម សេដ្ឋកិច្ចដ៏ពិតប្រាកដសម្រាប់សហគមន៍របស់យើងទាំងមូល ដោយសម្តេចបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមនេះបានអនុញ្ញាតឱ្យអាស៊ានឆ្លងផុតបញ្ហាប្រឈមសេដ្ឋកិច្ចតំបន់ និងសកល និងភាពមិនប្រាកដប្រជាខ្ពស់។ ជាក់ស្តែងទោះបីជាមានស្លាកស្នាមនៃជំងឺរាតត្បាត និងភាពស្មុគស្មាញនៃផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ ក៏គន្លងសេដ្ឋកិច្ចអាស៊ាននៅ តែមានភាពរឹងមាំ និងភាពធន់ ហើយត្រូវបានព្យាករណ៍ថានឹងសម្រេចបានអត្រាកំណើន ៤,៨ភាគរយ ក្នុងឆ្នាំ២០២៥ ស្របតាមផែនការក្រោយឆ្នាំ២០២៥ តំបន់អាស៊ានកំពុងបន្តផ្តល់អាទិភាពដល់គំនិតជា មូលដ្ឋានយុទ្ធសាស្ត្រដើម្បីទាក់ទាញប្រយោជន៍ពីកាលានុវត្តភាពដែលកំពុងលេចឡើងថ្មីៗ និងដំណោះ ស្រាយបញ្ហាប្រឈមនាអនាគត ដោយមូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងនេះគឺការតភ្ជាប់អាស៊ានដូច មានរំលេចនៅក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ាននៅក្នុងឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់លើការតភ្ជាប់ ដោយរលូនទាំងការដឹកជញ្ជូន ពាណិជ្ជកម្ម ការអប់រំ និងវប្បធម៌ ដែលនឹងជួយបង្កើននូវភាពប្រកួតប្រ ជែង និងលើកកម្ពស់បរិយាបន្ន និងពង្រឹងជំហររបស់អាស៊ានជាមហាអំណាចសេដ្ឋកិច្ចដែលមានការរួប រួមគ្នា៕
ដោយ៖ ចាន់ សុភឿន





