ក្រសួងរ៉ែ និងថាមពលសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះកំណត់តំបន់សក្តានុពលធនធានរ៉ែថ្មសំណង់
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥--ក្រសួងរ៉ែ និងថាមពល បាន និងកំពុងរួមសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះកំណត់តំបន់សក្តានុពលធនធានរ៉ែថ្មសំណង់ សម្រាប់ការគ្រប់គ្រងអាជីវកម្មរ៉ែថ្មសំណង់រយៈពេលមធ្យម ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។

កិច្ចប្រជុំដើម្បីចុះកំណត់តំបន់សក្តានុពលធនធានរ៉ែថ្មសំណង់ សម្រាប់ការគ្រប់គ្រងអាជីវកម្មរ៉ែថ្ម សំណង់រយៈពេលមធ្យមរបស់ក្រសួងរ៉ែ និងថាមពល ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តក្រោមវត្តមានចូលរួមរបស់លោក កែ សួន សុភាព អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត សាលប្រជុំ(ខ) សាលាខេត្ត កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក ហ៊ីង ទន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានលើកឡើងពីសារៈសំខាន់នៃការកំណត់តំបន់សក្តានុពលធនធានរ៉ែថ្មសំណង់ ដើម្បីធានាការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងខេត្ត ដោយគូសបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗដូចជា កំណត់តំបន់សក្តានុពលធនធានរ៉ែថ្មសំណង់កំណត់ទីតាំងដែលមានសក្តានុពលធនធានរ៉ែថ្មសំណង់ ដើម្បីធានាការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត។ គ្រប់គ្រងអាជីវកម្មរ៉ែថ្មសំណង់រយៈពេលមធ្យម រៀបចំផែនការគ្រប់គ្រងអាជីវកម្មរ៉ែថ្មសំណង់ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។ លើកកម្ពស់ការគ្រប់គ្រងធនធានរ៉ែប្រកបដោយតម្លាភាព និងគណនេយ្យភាពធានាការគ្រប់គ្រងធនធានរ៉ែប្រកបដោយតម្លាភាព គណនេយ្យភាព និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនោះដែរ លោក កែ សួន សុភាព បានមានប្រសាសន៍ក្រើនរម្លឹកដល់គ្រប់ភាគីពាក់ព័ន្ធឱ្យយកចិត្តទុកដាក់អនុវត្តការងារនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
សូមជម្រាបជូនថា កិច្ចប្រជុំប្រព្រឹត្តទៅក្នុងបរិយាកាសស្មារតីទទួលខុសត្រូវខ្ពស់ និងមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។ ជាលទ្ធផល កិច្ចប្រជុំបានសម្រេចលទ្ធផលជាវិជ្ជមាន ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យរ៉ែក្នុងខេត្តបន្ទាយមានជ័យប្រកបដោយនិរន្តរភាព។

របាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យមានសក្តានុពលធនធានរ៉ែថ្មសំណង់ជាច្រើន ជាពិសេសថ្មប្រភេទថ្មភក់ និងថ្មល្បើង ដែលត្រូវបានគេរកឃើញនៅតាមតំបន់ខ្ពង់រាប និងជំរាលភ្នំ។ តំបន់សក្តានុពលសំខាន់ៗមានស្រុកមង្គលបូរី មានថ្មភក់ដែលអាចយកមកប្រើប្រាស់ក្នុងការសាងសង់។ ស្រុកភ្នំស្រុក ជាតំបន់ដែលមានរ៉ែថ្មភក់គុណភាពខ្ពស់។ ស្រុកថ្មពួកមានថ្មល្បើង និងថ្មភក់ច្រើន ដែលត្រូវបានអភិវឌ្ឍជារ៉ែសំណង់ និងក៏មាននៅក្នុងក្រុងសិរីសោភ័ណ ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះជាដើម។ មានកន្លែងរុករក និងអភិវឌ្ឍរ៉ែថ្មសំណង់ ប្រហែល ៥-៧ កន្លែងនៅទូទាំងខេត្ត រួមមានរ៉ែថ្មភក់សម្រាប់ផលិតឥដ្ឋ និងសម្ភារសំណង់ និងរ៉ែថ្មល្បើងសម្រាប់ការតាំងទីលំនៅ៕
ដោយ ឈុន សារ៉ាត





