ក្រុមប្រឹក្សាខេត្តសៀមរាបជំរុញដល់អាជ្ញាធរក្រុង ស្រុក ធ្វើការពិនិត្យឡើងវិញចំពោះការធ្វើអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់
AKP សៀមរាប ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់រដ្ឋបាលក្រុង ស្រុកទាំងអស់នៃខេត្តសៀមរាប ធ្វើការពិនិត្យឡើងវិញចំពោះការធ្វើអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ដោយទារយកកម្រៃសេវាខុសច្បាប់ពីប្រជាពលរដ្ឋ ដែលពួកគាត់កំពុងតម្រូវការចាំបាច់ក្នុងការធ្វើឯកសារ សម្រាប់ការចុះបញ្ជីដីធ្លីរបស់ពួកគាត់។ ការជំរុញបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។


ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានស្នើឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវចុះធ្វើការតាមដាន ពិនិត្យនូវបញ្ហាទាំងអស់ខាងលើនេះ នៅតាមបណ្តាឃុំ សង្កាត់ ក្នុងការតម្រង់ទិស ប្រកបដោយគតិយុត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើសំបុត្រអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ក្នុងករណីនេះក៏ត្រូវបានប្រជាពលរដ្ឋ មិនបានពេញចិត្តចំពោះអាជ្ញាធរមូលដ្ឋានមួយចំនួន ដែលមិនបានគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់គោលការណ៍របស់រាជរដ្ឋាភិបាលទៀតផង។


ឯកឧត្តម លី សំរិទ្ធ បានស្នើឱ្យរដ្ឋបាលសាលាខេត្ត បង្កើតគណៈកម្មការត្រួតពិនិត្យ នូវរាល់កិច្ចការងារ និងសកម្មភាពរបស់គណៈអភិបាលខេត្តដែលអនុវត្តបាន ព្រមទាំងសូមឱ្យមន្តី្រធ្វើរបាយការណ៍ ធ្វើការត្រួតពិនិត្យឡើងវិញ នូវរាល់ខ្លឹមសារ អក្ខាវិរុទ្ធ និងតួលេខនៅក្នុងរបាយការណ៍ មុននឹងដាក់ឆ្លងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត។ តែឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើរបាយការណ៍ លទ្ធផលដែលរដ្ឋបាលខេត្តសៀមរាបអនុវត្តបានប្រចាំខែកុម្ភៈផងដែរ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សា ខេត្ត អស់លោក លោកស្រីជានាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត កងកម្លាំងទាំង៣ និងអភិបាល ក្រុង ស្រុក ដើម្បីត្រួតពិនិត្យ ពិភាក្សាអនុម័តលើកំណត់ហេតុប្រជុំសាមញ្ញលើកទី៩ និងកិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍ប្រចាំខែកុម្ភៈ ស្តីពីការអនុវត្តការងាររដ្ឋបាលខេត្ត និងអនុម័តលើសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោងរបស់រដ្ឋបាលខេត្តសៀមរាបផងដែរ៕
ដោយ ហង្ស សៀក





