កិច្ចប្រជុំលើកទី១របស់ក្រុមការងាររៀបចំ និងអនុវត្តគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី រាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមការងារអនុវត្តគម្រោង ដែលមានសមាសភាពចូលរួមពីក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដឹកនាំដោយ លោកស្រី JIN Wang (Project Team Leader)ព្រមទាំងមានការចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំអន្តរក្រសួង តំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ។


កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការទីប្រឹក្សា និង ភាគីពាក់ព័ន្ធ។ ក្រោយកិច្ចពិភាក្សាក្រុមការងារអនុវត្តគម្រោង និងអ្នកជំនាញការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែមក្នុងការប្រមូលធាតុចូលទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តារផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ ព្រមទាំងចុះពិនិត្យស្ថានីយចំណតឡានក្រុង ស្ថានីយរថភ្លើងរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីិកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព សម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងពិនិត្យលទ្ធភាពក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា គម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសាធារណការ)





