សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាលឆ្នាំក៏ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិរួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាលឆ្នាំក៏ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិគ្រប់រូបទាំងក្នុង និងក្រៅប្រទេសរួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក្នុងស្មារតី “ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា”។ ការថ្លែងបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដូចនេះ ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “យុវជន ដើម្បីវប្បធម៌ជាតិ” និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៦ ប្រមាណជាង ៤ ៤០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាការពិតប្រទេសកម្ពុជាបានកកើតឡើងជាមួយនឹងប្រវត្តិសាស្ត្រសិល្បៈ វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្នសិល្បៈ វប្បធម៌ បេតិកភណ្ឌ ទាំងរូបី និងអរូបីសម្បូរបែបត្រូវបានបង្កើត និងថែរក្សាការពារ ដោយបុព្វបុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបានក្លាយជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិ និងប្រជាជន។ សម្ដេចធិបតីបន្ដថា ក្នុងន័យនេះកិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍន៍ បានក្លាយជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ហើយបច្ចុប្បន្នភារកិច្ចនេះមិនត្រឹមតែផ្តោតគោលដៅការពារអត្តសញ្ញាណជាតិមួយមុខប៉ុណ្ណោះទេ ប៉ុន្តែ ថែមជាកិច្ចខិតខំបង្វែរទិសបន្ថែមដល់វិស័យសិល្បៈ វប្បធម៌ ក្នុងការចូលរួមដោយផ្ទាល់ និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច និងទ្រទ្រង់ជីវភាពប្រជាជន តាមរយៈការកសាងជំនាញបន្តវេន បង្ក បង្កើតការងារ និងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម-វប្បធម៌។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំទី១០ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តរៀបចំ ទិវាវប្បធម៌ជាតិក្រោមប្រធានបទតែមួយគឺ៖ “យុវជន ដើម្បីវប្បធម៌ជាតិ” នេះក៏ដោយសារតែវិសាលភាពដ៏ធំនៃ វិស័យសិល្បៈ វប្បធម៌ ការពង្រឹងថែរក្សា និងអភិវឌ្ឍន៍គ្មានដែនកំណត់ ជាកាតព្វកិច្ចរបស់យុវជនបន្តវេន ក៏ដូចជាវិស័យដែលងាយទទួលរងហានិភ័យដែលកើតចេញពីការកើនឡើងនៃសាកលភាវូបនីយកម្មសិល្បៈ វប្បធម៌ ទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងពីស្ថានភាពដែលបច្ចេកវិទ្យាបាន និង កំពុងប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសេដ្ឋកិច្ចសង្គម និងនយោបាយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានរម្លឹកឡើងវិញថា កាលពីឆ្នាំ២០២៤កន្លងទៅសម្តេចធ្លាប់បានសង្កត់ធ្ងន់ពីភាពចាំបាច់នៅក្នុងការកសាងឱ្យបាននូវយុវជនបន្តវេន ដោយត្រូវដាក់ចេញឱ្យបាននូវវិធានការពង្រឹង ទាំងបរិមាណ និងគុណភាព ដោយរាប់បញ្ចូលទាំងសកម្មភាពបណ្តុះបណ្តាលលើកទឹកចិត្ត និងពង្រីក ឱកាសចូលរួមជុំវិញការបង្កើតស្នាដៃថ្មីជាដើម។
ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានជំរុញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការពង្រឹងទិសដៅបើកចំហការចូលរួមរបស់យុវជនឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីធានាឱ្យបានថាអនាគតនៃកិច្ចការអភិរក្ស ថែរក្សាមរតកសិល្បៈ វប្បធម៌ជាតិនៅតែមានភាពរឹងមាំជាមួយកម្លាំងយុវជនបន្តវេនរបស់យើង៕


ដោយ៖ ចាន់ សុភឿន





