ឯកឧត្តម ហ៊ែល តូនី ដឹកនាំប្រជុំដំណោះស្រាយវិវាទដីព្រៃលិចទឹកក្នុងតំបន់២ និងលើកកម្ពស់និរន្តរភាពតំបន់អេកូទេសចរណ៍ធម្មជាតិ បឹងពារាំង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប រួមជាមួយនឹង លោក ហែន ពុទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយអនុវត្តន៍តាមស្មារតីលិខិតលេខ ២០៥ សជណ.កធ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៣-០៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយជាមួយនឹងក្រុមការងារបច្ចេកទេសអន្តរក្រសួងស្ថាប័នថ្នាក់ជាតិ មន្ទីរជំនាញថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាននៃរដ្ឋបាលក្រុងសៀមរាប និងសហគមន៍ក្នុងតំបន់បឹងពារាំង លើករណីទី១. រំលោភបំពានខ្លឹមសារអនុក្រឹត្យលេខ ៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ក្នុងសកម្មភាពឈួសឆាយព្រៃលិចទឹក (តំបន់២) នៃតំបន់ទ្រនាប់ ទី២. ការជីកប្រឡាយ និងលើកផ្លូវក្នុងតំបន់អភិរក្ស បឹងពារាំង នៃដែនព្រៃលិចទឹកតំបន់៣ និងទី៣. ការលើកកម្ពស់និរន្តរភាពអេកូទេសចរណ៍ធម្មជាតិបឹងពារាំង ក្នុងតំបន់ការពារដែនព្រៃលិចទឹក តំបន់៣ នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

ជារួមលទ្ធផលនៃកិច្ចប្រជុំរយៈពេល២ថ្ងៃ បន្ទាប់ពីធ្វើការពិភាក្សាពិគ្រោះយោបល់គ្នារវាងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ដោយឈរលើស្មារតីយកចិត្តទុកដាក់ និងមនសិការចូលរួមថែរក្សាការពារធនធានធម្មជាតិ រក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប និងលើកកម្ពស់និរន្តរភាពអេកូទេសចរណ៍ធម្មជាតិ ស្របជាមួយនឹងរបៀងសេដ្ឋកិច្ចឧស្សាហកម្មគ្មានផ្សែងខេត្តសៀមរាប អង្គប្រជុំពិភាក្សា បានឯកភាព និងយល់ស្របលើ ៤ចំណុច៖ ទី១. ក្រុមការងារថ្នាក់ខេត្ត ជាពិសេសអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរក្រុងសៀមរាប ពិនិត្យលទ្ធភាពសម្របសម្រួល និងជម្រុញបង្កើតឱ្យមានយន្តការរចនាសម័្ពន្ធសហគមន៍ត្រឹមត្រូវ ក្នុងស្មារតីទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាព។ ទី២. អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរក្រុងសៀមរាប ត្រូវចាត់វិធានការ និងរៀបចំនីតិវិធី ឃាត់ និងបញ្ឈប់រាល់សកម្មភាព ដែលបង្កឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ព្រៃលិចទឹក និងជីវចម្រុះក្នុងតំបន់អភិរក្សបឹងពារាំង ក៏ដូចជាសកម្មភាពលើដីទំហំ ៧៧,០៣ ហិកតា ដែលស្ថិតក្នុងនីតិវិធីស៊ើបអង្កេត កំពុងដំណើរការ។ ទី៣. សហគមន៍បន្តដំណើរការការងារក្នុងសកម្មភាពការពារទប់ស្កាត់បទល្មើសនានា និងនិរន្តរភាពការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងតំបន់អភិរក្សបឹងពារាំង។ ទី៤. ជំរុញយន្តការរៀបចំក្រុមការងារបច្ចេកទេសអន្តរក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីពង្រឹងការយកចិត្តទុកដាក់ និងចូលរួមគាំទ្រដំណើរការរបស់សហគមន៍ ក្នុងការលើកកម្ពស់និរន្តរភាព អេកូទេសចរណ៍ធម្មជាតិបឹងពារាំង ក្នុងតំបន់ការពារតាមរយៈ ការកសាងសមត្ថភាពធនធានមនុស្សក្នុងសហគមន៍ ការរៀបចំផែនការអភិវឌ្ឍ និងគ្រប់គ្រងអេកូទេសចរធម្មជាតិក្នុងតំបន់ការពារបឹងពារាំ ផែនការអាជីវកម្ម អេកូទេសចរធម្មជាតិបឹងពារាំង ក្នុងតំបន់ការពារ ដើម្បីស្វែងរកថវិកាគាំទ្រ និង ការតាមដានត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពការងារសហគមន៍ ក៏ដូចជានិរន្តរភាពវឌ្ឍនភាពដំណើរការអេកូទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារបឹងពារាំង។

សូមជម្រាបផងដែរថា មុននឹងដំណើរការកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយ ឯកឧត្តមហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប ក៏បានដឹកនាំគណៈប្រតិភូអន្តរក្រសួងស្ថាប័ន ចុះទៅពិនិត្យស្ថានភាពជាក់ស្តែងក្នុងទីតាំងទាំងពីរ រួមមាន ទីតាំងដីទំហំ ៧៧,០៣ ហិកតា នៅតំបន់២ ត្រូវបានទទួលរងការឈួសឆាយព្រៃលិចទឹក និងទីតាំងតំបន់អេកូទេសចរណ៍ធម្មជាតិបឹងពារាំង ស្ថិតក្នុងដែនការពារព្រៃលិចទឹក តំបន់៣នេះផងដែរ៕



ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





