លោក ញឹក បានខេង និងលោកស្រី ព្រមទាំងក្រុមគ្រួសារនាំយកអាហារចែកជូនអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអាហារ និងសារុងចែកជូនដល់អ្នកជំងឺប្រមាណ១៨០នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក ញឹក បានខេង បានជំរុញ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺដោយមានការប្រុងប្រយ័ត្ន ជូនបងប្អូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យដោយពុំគិតពីការនឿយហត់។ កត្តាទាំងអស់នេះហើយដែលប្រជាពលរដ្ឋទូទៅមានទំនុកចិត្ត និងមកព្យាបាលជំងឺទូទៅ ហើយបានសង្គ្រោះអាយុជីវិតមិនថាអ្នកមានឬអ្នកក្រ គេចផុតពីសេចក្តីស្លាប់ ហើយបានជួបជុំគ្រួសារឡើងវិញ។នៅក្នុងមន្ទីរពេទ្យ គឺគ្មានសំរាម បរិស្ថានស្អាត បង្គន់អនាម័យមានផាសុកភាព សេវាថែទាំសុខភាពបម្រើជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងទាន់ចិត្តផងដែរ។

លោក ញឹក បានខេង បានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនដែលមកថែរក្សាអ្នកជំងឺ និងអ្នកជំងឺផ្ទាល់សូមរក្សាអនាម័យបីប្រការគឺ "ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត" ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ ឧស្សាហ៍ហាត់ប្រាណដើម្បីសុខភាព០១ថ្ងៃ រយៈពេល៣០នាទី សម្រាកឱ្យបានគ្រប់គ្រាន់ ហូបចំណីអាហារឱ្យបានទៀងទាត់ និងទទួលទានថ្នាំតាមលោកគ្រូអ្នកគ្រូពេទ្យបានកំណត់។ ពេលមានបញ្ហាផ្នែកសុខភាព ត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីព្យាបាលជំងឺបានទាន់ពេលវេលា ចៀសវាងការប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើឱ្យប៉ះពាល់ដល់សុខភាព។

សូមបញ្ជាក់ថា លោកអភិបាលរងខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងក្រុមគ្រួសារបាននាំយកអាហារទៅប្រគល់ជូនអ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំចំនួន១៨០នាក់ ក្នុង១នាក់ទទួលបានអាហារ១កញ្ចប់ ទឹកសុទ្ធ១ដប និងសារុង១ផងដែរ៕
ដោយ ស៊ុម វណ្ណា





