ពិធីករកីឡាប្រដាល់ ជួប វុត្ថា ធ្វើលិខិតសូមទោសជាសាធារណៈ ចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងសាធារណជន ចំពោះកំហុសឆ្គងដោយខ្វះការពិចារណា ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- លោក ជួប វុត្ថា ហៅ MC Vutha ជាពិធីករកីឡាប្រដាល់ បានបង្ហាញការសោកស្តាយ និងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូប ព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណា ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។

ការបង្ហាញនូវអារម្មណ៍សោកស្តាយ និងធ្វើលិខិតសូមទោសជាសាធារណៈរបស់ ពិធីករកីឡាប្រដាល់ ជួប វុត្ថា ហៅ MC Vutha បានធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទ ដឹកនាំសម្របសម្រួលដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងកិច្ចការនារី គឺលោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។

ការបើកកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ហើយទទួលការរិះគន់យ៉ាងខ្លាំងពីមហាជន ដោយចាត់ទុកថាជាការមើលងាយដល់ស្រ្តីភេទ។
ជាមួយគ្នានេះ ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយ និងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី ហើយលោកក៏សូមសន្យាថា មិនឱ្យមានរូបភាព និងទង្វើបែបនេះកើតឡើងទៀតទេ ៕



ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





