ក្រុមហ៊ុនអាកាសចរណ៍តួកគីនឹងបើកជើងហោះហើរពីទីក្រុងអឺរ៉ុបមកកាន់រាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- ក្រុមហ៊ុនអាកាសចរណ៍តួកគីនឹងចាប់ផ្តើមជើងហោះហើរទៀងទាត់ពីទីក្រុងអ៊ីស្តង់ប៊ុលដែលជាទីក្រុងធំជាងគេក្នុងប្រទេសតួកគីមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានចេញផ្សាយកាលពីថ្ងៃទី០៣ ខែមីនា។

ជាមួយនឹងទិសដៅថ្មីនេះ កម្ពុជានឹងក្លាយជាប្រទេសទី៧ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយរាជធានីភ្នំពេញនឹងក្លាយជាទីក្រុងទី១១ ក្នុងតំបន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ។
ជាមួយនឹងគម្រោងនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវាងតួកគី និងកម្ពុជា និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃទិសដៅថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី បណ្តាជើងហោះហើរនៅភ្នំពេញនឹងពង្រីកបណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក Far East ទៅកាន់ទីក្រុងចំនួន២០ និងអាកាសយានដ្ឋានចំនួន២១។
ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយថា «ផ្លូវថ្មីនេះនឹងផ្តល់ឱ្យភ្ញៀវរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគីនូវមានភាពងាយស្រួលក្នុងការចូលទៅកាន់គោលដៅសំខាន់មួយនៅក្នុងតំបន់ និងបង្ហាញសារជាថ្មីម្តងទៀតនូវក្រុមហ៊ុនអាកាសចរណ៍ដែលមានទង់ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបតែមួយគត់ដែលហោះហើរទៅកាន់គោលដៅនេះ»។
ក្រុមហ៊ុនអាកាសចរណ៍នេះនឹងដំណើរការជើងហោះហើរទៅកាន់រាជធានីភ្នំពេញតាមរយៈទីក្រុងបាងកក ប្រទេសថៃ។ តាមកាលវិភាគបីដងក្នុងមួយសប្តាហ៍ ជើងហោះហើរនេះនឹងចេញដំណើរពីទីក្រុងអ៊ីស្តង់ប៊ុលទៅកាន់រាជធានីភ្នំពេញនៅថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ ខណៈដែលជើងហោះហើរពីរាជធានីភ្នំពេញទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលនឹងដំណើរការនៅថ្ងៃច័ន្ទ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។
ប្រធានក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍តួកគី លោកសាស្ត្រាចារ្យ អាម៉េដ បូឡាត (Ahmet Bolat) បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍តួកគីបន្តពង្រីកបណ្តាញរបស់ខ្លួននៅក្នុងតំបន់អាស៊ី និងពង្រឹងការតភ្ជាប់របស់ខ្លួនជាមួយនឹងគោលដៅយុទ្ធសាស្ត្រនៅក្នុងតំបន់។
លោកបាននិយាយថា «ការដាក់ឱ្យដំណើរការជើងហោះហើរមកកាន់រាជធានីភ្នំពេញនេះជាការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងគោលដៅនេះ។ ជើងហោះហើររបស់យើងមកកាន់ប្រទេសកម្ពុជានឹងបង្កើតឱកាសថ្មីសម្រាប់ទាំងវិស័យទេសចរណ៍ និងអាជីវកម្ម។
លោកបានសង្កត់ធ្ងន់ថា «លើសពីនេះទៀត ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបតែមួយគត់ដែលហោះហើរមកកាន់គោលដៅនេះ យើងនឹងពង្រឹងភាពជាអ្នកដឹកនាំរបស់យើងបន្ថែមទៀតនៅក្នុងតំបន់»។
លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ថា ការហោះហើរត្រង់រវាងតួកគី និងកម្ពុជា នឹងកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើន និងបង្កើនភាពងាយស្រួលសម្រាប់អ្នកដំណើរទាំងក្នុងគោលបំណងអាជីវកម្ម និងការធ្វើដំណើរកម្សាន្ត។
លោកជំទាវអគ្គរដ្ឋទូតបានមានប្រសាសន៍បន្ថែមថា វានឹងជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី





