ឯកឧត្តម ហួត ហាក់ អញ្ជើញចូលរួមពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុង ពិធីបើកពិព័រណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅ មជ្ឈមណ្ឌលពិព័រណ៍ Messe Berlin នៃទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយមានការចូលរួមពីអ្នកលក់ប្រមាណ៥,៦០០នាក់ និងអ្នកទិញប្រមាណ ១,៣០០នាក់ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាប្រមាណ ៣,៥០០នាក់ និងអ្នកទស្សនាប្រមាណ ១០០,០០០នាក់ ដែលមកពីជាង១៩០ប្រទេសជុំវិញពិភពលោក។

សូមជម្រាបជូនថា ក្នុងការចូលរួមពិព័រណ៍ខាងលើក្រសួងទេសចរណ៍នឹងធ្វើការផ្សព្វផ្សាយយុទ្ធនាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ - សុវត្ថិភាព ស្អាត និងបៃតង” ទៅកាន់ទីផ្សារអាល្លឺម៉ង់ និងពិភពលោក ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជនកម្ពុជាជាមួយទីផ្សារអាល្លឺម៉ង់ និងអន្តរជាតិផងដែរ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





