សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំយកការវិភាគស៊ីអារម្មណ៍ យកមកដាក់ចេញជាមូលដ្ឋាន សម្រាប់ធ្វើគោលនយោបាយ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទិន្នន័យបឋម ឬ Primary Data សំខាន់ណាស់ ដែលត្រូវមានការសិក្សាច្បាស់លាស់ ដើម្បីផ្អែកទៅលើមូលដ្ឋានវិទ្យាសាស្ត្រ ហើយសម្តេចផ្តាំថា កុំយកការវិភាគបែបស៊ីអារម្មណ៍ យកមកដាក់ចេញជាមូលដ្ឋាន សម្រាប់ធ្វើគោលនយោបាយ។

ក្នុងឱកាសអញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់៖ គោលនយោបាយ និងយុទ្ធសាស្ត្រកំណើនមានគុណភាព រយៈពេលវែងក្នុងបរិការណ៍ ដែលមានភាពមិនច្បាស់លាស់» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យវិទ្យាស្ថានស្រាវជ្រាវ CDRI បន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្ន័យ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវ បែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ ការស្រាវជ្រាវ ដែលប្រើប្រាស់ព័ត៌មានទិន្នន័យបឋម Primary Data តាមរយៈការចុះប្រមូលទិន្ន័យ និងស្ទង់មតិ។
ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់នូវសុក្រិតភាព និងសង្គតិភាព នៃទិន្នន័យបឋម ឬហៅថាទិន្នន័យកម្រិតមីក្រូថា មានសារៈសំខាន់ណាស់ សម្រាប់ជាធាតុចូល ក្នុងការរៀបចំគោលនយោបាយ និងតម្រង់ទិស នូវវិធានការគោលនយោបាយ ឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ស្របតាមស្មារតីរបស់រាជរដ្ឋាភិបាល ដែលតែងតែចុះស្តាប់ផ្ទាល់ ប្រឡូកផ្ទាល់ជាមួយនឹងបញ្ហារបស់ប្រជាជន ហើយចូលរួមដោះស្រាយកង្វល់របស់ប្រជាជនឱ្យចំគោលដៅ ។

ក្នុងនោះ សម្តេចធិបតី ឱ្យយកចិត្តទុកដាក់ ចំពោះការដាក់ចេញនូវគោលនយោបាយនានា ការរៀបចំនូវក្របខណ្ឌគោលនយោបាយ និងវិធានអភិវឌ្ឍ ត្រូវផ្អែកទៅលើវិទ្យាសាស្ត្រ មិនមែនទៅលើអារម្មណ៍ ដូច្នេះការសិក្សាស្រាវជ្រាវ ការប្រមូល និងវិភាគ ឱ្យបានច្បាស់លាស់ ខណៈដែលការបង្កើនសមត្ថភាព របស់ស្ថាប័នដែលទទួលខុសត្រូវ គឺជាកិច្ចការសំខាន់ ។
សម្តេចធិបតី មានប្រសាសន៍ថា «បើទិន្នន័យ បើព័ត៌មាន យើងប្រមូលខុស ការសម្រេចចិត្តក៏ខុស ការរៀបចំគោលនយោបាយក៏ខុស ហើយនេះនឹងធ្វើឱ្យយើងខាតបង់ច្រើន ខាតទី១ ខាតពេលវេលា ខាតធនធាន តែអ្វីដែលសំខាន់នោះ គឺចំណុចដែលយើងចង់អន្តរាគមន៍ពិតប្រាកដ គឺត្រូវបានទុកចោល ហើយពេលខ្លះអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យបញ្ហាលើសដើម ហេតុនេះហើយគឺជាកត្តាសំខាន់ នៅក្នុងការពង្រឹង ហើយរាជរដ្ឋាភិបាល ក៏កំពុងចាត់វិធានការ ដើម្បីពង្រឹងកែទម្រង់ស្ថាប័នទទួលខុសត្រូវ នៅក្នុងការពង្រឹង ការប្រមូលវិភាគព័ត៌មាន ដើម្បីបានធានាសង្គតិភាព និងគុណភាព នៅក្នុងការរៀបចំគោលនយោបាយរបស់យើងបន្ថែមទៀត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា «ការធ្វើសឺវេ (Survey) ការជួបជាប្រចាំនេះ គឺជាការប្រមូលទិន្នន័យ ហើយទិន្នន័យគឺទិន្នន័យបឋម ទិន្នន័យ Primary Data នេះ សំខាន់ណាស់ ប៉ុន្តែត្រូវមានការសិក្សាច្បាស់លាស់ ដើម្បីយើងផ្អែកទៅលើមូលដ្ឋានវិទ្យាសាស្ត្រ ការវិភាគមានច្រើន ដែលខ្ញុំថាវិភាគ២ វិភាគវិទ្យាសាស្រ្ត និងវិភាគស៊ីអារម្មណ៍ កុំយកការវិភាគស៊ីអារម្មណ៍ យកមកដាក់ចេញជាមូលដ្ឋាន សម្រាប់ធ្វើគោលនយោបាយ ហើយការប្រមូលទិន្នន័យ ក៏មិនទៅយកទិន្នន័យពី Google យកមកដើម្បីធ្វើការវិភាគ ប្រាកដណាស់ត្រូវតែទាញយកទិន្នន័យផ្លូវការណាមួយ ដែលអាចធ្វើបាន ឬចុះសឺវេ»៕
ដោយៈ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





