សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការទិញផ្ទះមានការកើនឡើង និងមានភាពធន់ជាងមុន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា អត្រាកំណើននៃការទិញផ្ទះមានការកើនឡើង ដែលកំណើននៃការទិញផ្ទះបច្ចុប្បន្ន គឺជាកំណើនដែលមានភាពធន់ជាងពេលកន្លងទៅទៀត។

ក្នុងឱកាសអញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ«ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់៖ គោលនយោបាយ និងយុទ្ធសាស្តកំណើនមានគុណភាពរយៈពេលវែងក្នុងបរិការណ៍ដែលមានភាពមិនច្បាស់លាស់» នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ រាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា«ឯកឧត្តម សាយ សំអាល់ បានដាក់សារមកខ្ញុំថា ឥឡូវនេះកំណើននៃការលក់ផ្ទះ អចលនទ្រព្យកើនឡើងវិញហើយ ប៉ុន្តែមិនកើតដូចមុនកូវីដនោះទេ ខ្ញុំថា ត្រូវហើយបើកើនដូចមុន កើនក្នុងជំនាន់ដែលភាគច្រើន ម្នាក់ៗទិញផ្ទះច្រើន តែកំណើនពេលនេះគឺកំណើនពិតប្រាកដ»។
សូមរម្លឹកជូនថា សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញជាបណ្តើរៗ ក្នុងរយៈពេលក្រោយពីវិបត្តិជំងឺរាតត្បាត ដោយមាន កំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលបានព្យាករក្នុងអត្រា ៥% ក្នុងឆ្នាំ២០២៣ និង ៦% នៅឆ្នាំ ២០២៤។

វិស័យផលិតកម្ម ជាពិសេសក្នុងវិស័យកាត់ដេរ និងវិស័យមិនមែនកាត់ដេរ ស្ទើរតែត្រលប់ទៅ កម្រិតមុនវិបត្តិជំងឺ រាតត្បាត។ វិស័យកសិកម្ម និងទេសចរណ៍ក៏កំពុងបង្ហាញពីនិន្នាការវិជ្ជមានផងដែរ។ ខណៈពេលដែលកំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹង កើនឡើងលើសពី ៦% នៅឆ្នាំ២០២៥៕
ដោយ៖គង់ សិរីរ័ត្ន, រូបថត៖គល់ រ៉េននី





