អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសង្ក្រាន្តបន្ទាយមានជ័យ ឆ្នាំ២០២៥
AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការរៀបចំកម្មវិធី "សង្ក្រាន្តបន្ទាយមានជ័យ ឆ្នាំ២០២៥" ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ២០២៥ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត បណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងគ្រប់ស្ថាប័ន នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនេះ គណៈកម្មការបានពិភាក្សាលើផែនការលម្អិតនៃកម្មវិធីសង្ក្រាន្ត រួមមានការរៀបចំទីតាំង និងសោភ័ណភាព កម្មវិធីសិល្បៈ និងការកម្សាន្ត ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ការផ្សព្វផ្សាយ និងការអញ្ជើញភ្ញៀវ ការត្រៀមរៀបចំម្ហូបអាហារ និងការរៀបចំលេងល្បែងប្រជាប្រិយផ្សេងៗជាច្រើនទៀតដើម្បីបង្កលក្ខណៈ ដល់ការចូលរួមលេងកម្សាន្តសប្បាយរីករាយរបស់ប្រជាពលរដ្ឋយើង ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ ដែលរៀបចំធ្វើឡើងដោយប្រមូលផ្តុំធំនៅក្នុងសួនតេជោឈ្នះ ឈ្នះ ក្នុងក្រុងសិរីសោភ័ណ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យគណៈកម្មការទាំងអស់សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាថា "សង្ក្រាន្តបន្ទាយមានជ័យ ឆ្នាំ២០២៥" ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាប្រពៃណីជាតិ និងការលើកកម្ពស់ទេសចរណ៍ក្នុងខេត្ត។ គណៈកម្មការរៀបចំកម្មវិធីបានប្តេជ្ញាខិតខំប្រឹងប្រែងរៀបចំកម្មវិធីសង្ក្រាន្តនេះឱ្យបានល្អបំផុត ដើម្បីផ្តល់ភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់៕


ដោយ ឈុន សារ៉ាត





