ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ការត្រួតពិនិត្យលើសេចក្តីព្រាងក្របខណ្ឌអភិវឌ្ឍខេត្តរយៈពេល៥ឆ្នាំ (២០២៥-២០២៩)
AKP កំពង់ធំ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ បាននាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសការត្រួតពិនិត្យលើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ (២០២៥-២០២៩) នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី/ខេត្ត/ក្រុង/ស្រុក/ខណ្ឌ ក្រុមប្រឹក្សាត្រូវរៀបចំ និងអនុម័តផែនការអភិវឌ្ឍន៍៥ឆ្នាំដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំតាមការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ។ ផែនការអភិវឌ្ឍន៍របស់ថ្នាក់ក្រោមជាតិត្រូវប្រើប្រាស់ធ្វើជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ណែនាំរាល់ការធ្វើសេចក្តីសម្រេចក្នុងការងារអភិវឌ្ឍន៍ ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលដែលនឹងត្រូវទទួលហិរញ្ញប្បទានក្រោមក្របខ័ណ្ឌ ចំណាយរយៈពេលមធ្យម និងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងធនធានថវិកាពីប្រភពនានាតាមលទ្ធភាពជាក់ស្តែង។ ក្រុមប្រឹក្សាត្រូវទទួលខុសត្រូវពិនិត្យ និងអនុម័ត ផែនការអភិវឌ្ឍន៍នៅឆ្នាំទី១នៃអាណត្តិរបស់ខ្លួន និងកម្មវិធីវិនិយោគបីឆ្នាំរំកិលជារៀងរាល់ឆ្នាំ។

ផែនការអភិវឌ្ឍន៍គឺជាឯកសារដ៏មានសារសំខាន់ និងប្រើប្រាស់ជាឯកសារគោលសម្រាប់តម្រង់ទិសក្នុងការដោះស្រាយនូវបញ្ហា និងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋាន។ ផែនការអភិវឌ្ឍន៍៥ឆ្នាំ ជាឯកសារដែលរៀបចំឡើងដោយមានការប្រមូលផ្តុំធាតុចូលពីគ្រប់ស្ថាប័នអង្គភាព និងអ្នកពាក់ព័ន្ធ ក្នុងគោលបំណងស្វែងយល់រួមគ្នាពីសក្តានុពល ធនធាន បញ្ហាប្រឈម តម្រូវការ និងដំណោះស្រាយនានា ដើម្បីរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍ និងក្របខ័ណ្ឌវិនិយោគ សម្រាប់អាណត្តិ៥ឆ្នាំរបស់ក្រុមប្រឹក្សា។

ឯកឧត្តមអភិបាលខេត្តបានជំរុញដល់អ្នកចូលរួមទាំងអស់ អនុវត្តការងារដែលបានដំណើរការកន្លងមកទោះបីជាយើងបានរៀបចំប្រតិទិនការងារដោយមានការអនុម័តពីក្រុមប្រឹក្សាក៏ការអនុវត្តជាក់ស្តែងមានការយឺតយ៉ាវ។ ទន្ទឹមនឹងនោះ ការប្រមូលធាតុចូលនៅក្នុងជំហានទី១គឺ ការកំណត់បញ្ហាប្រឈម មូលហេតុបញ្ហា តម្រូវការ និងដំណោះស្រាយ កម្រិតយល់ដឹងលើការវិភាគនៅមានខ្វះចន្លោះច្រើនជាពិសេសលើការប្រើប្រាស់ទិន្នន័យព័ត៌មាន។ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សា និងជាតំណាងស្ថាប័ន អង្គភាពជំនាញត្រូវយកចិត្តទុកដាក់ពិនិត្យពិចារណាឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នា កំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រនានាដើម្បីការរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្តសម្រាប់រយៈពេល៥ឆ្នាំរបស់ក្រុមប្រឹក្សាអាណត្តិទី៤នេះឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

ដោយ ស៊ុម វណ្ណា





