សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយពីបានយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩ បានអនុញ្ញាតឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជាវិលទៅរកប្រក្រតីឡើងវិញបន្តិចម្តងៗ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្រោយពីបានយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩ ដែលកាលនោះកម្ពុជាមិនត្រឹមតែប្រយុទ្ធក្នុងសមរភូមិ សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រយុទ្ធនឹងសមរភូមិអប់រំ គាំពារសង្គម ហិរញ្ញវត្ថុ ក៏ដូចជា សេដ្ឋកិច្ចដែលកម្ពុជាបានបើកប្រទេសទាំងស្រុងឡើងវិញនៅចុងឆ្នាំ២០២១ និងបានអនុញ្ញាតឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ច វិលទៅរកប្រក្រតីឡើងវិញបន្តិចម្តងៗ។ ជាក់ស្តែងកំណើនសេដ្ឋកិច្ចបានវិលទៅរក គន្លងសក្តានុពលឡើងវិញជាសន្សឹមៗ ក្នុងអត្រា ៣,១ភាគរយ ៥,១ភាគរយ ៥ភាគរយ និង៦ភាគរយ នៅក្នុងឆ្នាំ២០២១, ២០២២, ២០២៣ និង២០២៤ រៀងគ្នា ហើយសម្រាប់ឆ្នាំ២០២៥ នេះសេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងបន្តរក្សាបានចលនការរឹងមាំជាមួយនឹងអត្រាកំណើន ៦,៣ភាគរយ ដែលបន្តទ្រទ្រង់ដោយវិស័យការនាំចេញតួយ៉ាងដូចជា វិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ការបន្តនិន្នាការ ឡើងវិញនៃវិស័យទេសចរណ៍ និងសេវាគាំទ្រ គួបផ្សំជាមួយនឹងការបន្តស្ថិរភាពនៃកំណើននៃវិស័យកសិកម្មផងដែរ។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកប ដោយគុណភាព និងនិរន្ដរជាតិ» នៅសណ្ឋាគារសុខាភ្នំពេញ រៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែបន្ត មានសុទិដ្ឋិនិយមខ្ពស់ថាកំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពអាចសម្រេចបានក្នុងរង្វង់ ៦,៥ភាគរយជា មធ្យមប្រចាំឆ្នាំ ហើយយ៉ាងណាមិញកំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ គឺទាមទារការ ខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយនៅក្នុងការពង្រឹងការ អនុវត្តគោលនយោបាយ និងការដ្ឋានកែទម្រង់គន្លឹះៗ ដែលការវាយតម្លៃនេះក៏មានសង្គតិភាពទៅនឹង របាយការណ៍សិក្សារបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែល នឹងត្រូវផ្សព្វផ្សាយក្នុងសន្និសីទនាថ្ងៃនេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា កម្ពុជាអាចសម្រេចបានក្នុងរង្វង់អត្រាប្រចាំឆ្នាំ ប្រមាណ ៦,៤ភាគរយ នៅក្នុងទសវត្សរ៍ខាងមុខក្នុងករណីដែលមានការរៀបចំគោលនយោបាយជាក់លាក់ ចំៗ និងជាក់ស្តែងនិយម អមជាមួយការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយទាំងនោះក៏ជាអ្វី ដែលសម្តេចសង្ឃឹមថានឹងទទួលបានចេញជាលទ្ធផលនៅក្នុងសន្និសីទនាថ្ងៃនេះផងដែរ។ ត្រង់ចំណុច នេះសម្តេចនាយករដ្ឋមន្ត្រីបានទាញចំណាប់អារម្មណ៍នូវទិដ្ឋភាពសំខាន់ៗចំនួនពីរ ដើម្បីបង្កើតជាចំណុចរបត់ក្នុងការគិតគូររៀបចំជាគោលនយោបាយគឺ៖ ទី១) បើទោះជាសេដ្ឋកិច្ចកម្ពុជាបានវិលត្រឡប់ទៅរកកំណើនសក្តានុពលក៏ពិតមែន ក៏ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានបន្សល់ទុកនូវស្លាកស្នាម និងបន្ទ្ចចបង្អាក់ដល់ល្បឿននៃការអភិវឌ្ឍរបស់សង្គមជាតិជារួម និងទី២) កម្ពុជាក៏ដូចជាសេដ្ឋកិច្ចសកល និងតំបន់គឺនៅបន្តស្ថិតនៅអន្តរកាលនៃពហុវិបត្តិ ក្នុងន័យថាវិបត្តិមួយមិនទាន់ចប់រលត់ផង វិបត្តិមួយទៀតបានកើតឡើង សង្គ្រាមមួយមិនទាន់បានបិទបញ្ចប់ផង សង្គ្រាមមួយទៀតបានកើតឡើង ក្នុងនោះហានិភ័យ និងភាពមិនប្រាកដប្រជាកើតមានឡើងកាន់តែច្រើនឡើងដែលរួមមាន ទី១) ការកើនឡើងនូវគោលនយោ បាយគាំពារសង្គម និងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងកើតមាននៅក្នុងរយៈពេលថ្មីៗនេះ និងកំពុងតែចេញជារូបរាងបន្តបន្ទាប់ ទី២) ភាពតានតឹងនៃកត្តាភូមិសាស្ត្រសេដ្ឋកិច្ចដែលអាចបន្ទុចបង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងនាំដល់ការកើនឡើងនៃថ្លៃទំនិញជាអន្តរជាតិ ទី៣) ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងទី៤) ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ដែលអន្តរកាលនៃពហុវិបត្តិនេះបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនអាចរំពឹងទុកជាមុនបាន ហើយនឹងបង្កជាកម្មវិបាកទាំងវិជ្ជាមាន និងអវិជ្ជមានទាំងផ្ទាល់ និងប្រយោលដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ៕

ដោយ៖ ចាន់ សុភឿន





