អាជ្ញាធរខេត្តកំពង់ឆ្នាំងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា
AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ពិនិត្យពីវឌ្ឍនភាពស្តីពីការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នៅតាមសាលារៀនគោលដៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅសាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី គណៈអភិបាលក្រុង/ស្រុកទាំងប្រាំបី ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន និងលោក-លោកស្រីនាយក នាយិកាសាលាគោលដៅទាំង១៦ ទូទាំងខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុកពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាក់ស្តែងទៅលើកត្តាជីវភាពរបស់ប្រជាពលរដ្ឋដែលចំណុះឱ្យសាលារៀន ស្ថិតនៅក្នុងភាពមធ្យម។ អញ្ចឹងទេបើនិយាយពីសម្លៀកបំពាក់របស់សិស្ស គឺឱ្យបានស្អាតដូចគ្នា។ លោកគ្រូអ្នកគ្រូត្រូវតែស្អាតជានិច្ច ត្រូវតែដឹងពីក្រមសីលធម៌របស់គ្រូបង្រៀន។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្ស សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ សមិទ្ធផលនៃកំណែទម្រង់ បានលើកកម្ពស់នូវគុណភាពសេវា និងបានលើកទឹកចិត្តឱ្យមន្រ្តីរាជការនៅសាលារៀនរដ្ឋក្ដី ឯកជនក្ដី យកចិត្តទុកដាក់បន្តកិច្ចខិតខំប្រឹងប្រែងបោះជំហានកាន់តែស៊ីជម្រៅថែមទៀត ក្នុងការផ្តល់ចំណេះដឹងបន្ថែមទៀត ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលឆ្លើយតបទៅនឹងគោលការណ៍អភិបាលកិច្ចល្អ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា ឥរិយាបថដែលយើងបន្ថែមនេះ តាមគោលដៅដែលលោកគ្រូអ្នកគ្រូដាក់គោលដៅឱ្យខ្ពស់ ហើយខំជំរុញដើម្បីយើងឈានជំហានបន្តិចម្តងៗ ទើបយើងសម្រេចជោគជ័យ។ បានន័យថា យើងមិនអាចវិវឌ្ឍតែបន្តិចហើយយើងភ្លេចខ្លួនទេ។ យើងមានគោលដៅខ្ពស់ ទើបយើងដើរទៅរហូត ហើយពង្រឹងរហូតទៅតាមលទ្ធភាពដែលយើងមាន។ នាយកសាលាមុខងារ និងធនធាន ក្រោមកិច្ចប្រតិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជា ធ្វើកិច្ចពិភាក្សា ឱ្យសមាជិក ចូលរួមមតិ លើកជាយោបល់លើការងារអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានលើកនូវសូចនាករសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធទៅនឹងការអប់រំ បំពេញតួនាទី ភារកិច្ចរបស់ការិយាល័យអប់រំរាជធានី ខេត្ត និងអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនថែមទៀត៕


ដោយ បៃ ស៊ីថុន





