សម្តេចកិត្ដិសង្គបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។

ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាដែលបានចូលរួមនាថ្ងៃនេះ និងបានលើកឡើងថា ប្រធានបទឆ្នាំនេះគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការធ្វើការរួមគ្នាប្រកបដោយសហថាមពលទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរខួប៣០ឆ្នាំនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងយុទ្ធនាការនានារបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធទៅនឹងការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាចចំពោះស្ត្រី និងក្មេងស្រី។

ទន្ទឹមនឹងនេះ សម្តេចបានបញ្ជាក់ថា ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច សង្គម តាមរយៈការចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់តម្លៃស្ត្រី ផ្តល់ឱកាសការងារ និងអត្ថប្រយោជន៍ដល់ស្ត្រីជាច្រើននៅតាមក្រសួង ស្ថាប័នអង្គភាព សាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យមានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារ ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ៕


ដោយ សួស សំរិត





