ឯកឧត្តម គួច ចំរើន ចូលរួមប្រជុំផ្សព្វផ្សាយការងារជ្រើសរើសទ័ពថ្មី នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល
AKP កណ្ដាល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការ តំណាងឱ្យយោធភូមិភាគពិសេស នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌឱ្យតំបន់ប្រតិបត្តិការសឹករងកណ្តាល និងកងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស កងទ័ពជើងគោក ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅសាលប្រជុំទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានស្នើដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុកទាំង១៣ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការគ្នាទប់ស្កាត់ និងចាត់វិធានការចំពោះជនខិលខូចដែលបំផុសបំផុលក្នុងការរត់ការសូកសល់ចូលបម្រើការងារកងទ័ព ត្រូវមានវិធានការភ្លាមមិនត្រូវទុកឱ្យរាំងស្ទះដល់កិច្ចការនេះឡើយ។ ក្នុងការជ្រើសរើសនេះ ត្រូវបានផ្ដល់អាទិភាពចំពោះបេក្ខជនស្ម័គ្រចិត្ត ជាចៅបង្កើត កូនបង្កើត បងបង្កើត ឬប្អូនបង្កើតរបស់អតីតយុវជន និងយោធិនដែរកំពុងបម្រើការងារ។

អភិបាលក្រុង ស្រុក ត្រូវខិតខំជួយសម្របសម្រួលទៅលើឯកសារនានាជូនដល់យុវជនដែលមកដាក់ពាក្យប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស ដោយត្រូវចាត់មន្ត្រីប្រចាំការទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីឱ្យយុវជនទៅរកសេវាបានគ្រប់ពេលវេលាមិនមានភាពរាំងស្ទះ។
អាជ្ញាធរមូលដ្ឋានត្រូវជួយធ្វើការផ្សព្វផ្សាយដំណឹងជ្រើសរើសនេះឱ្យបានទូលំទូលាយដល់យុវជន ជាពិសេសត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងមានការទទួលខុសត្រូវខ្ពស់ ចំពោះបេក្ខជនដែលមកដាក់ពាក្យដោយធានាបានថាពួកគេមិនធ្លាប់មានទោស មិនធ្លាប់ជាប់គុក និងមិនមែនជាអ្នកប្រើប្រាស់គ្រឿងញៀនជាដើម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលក៏បានស្នើយ៉ាងទទូចទៅដល់ក្រុមការងារ និងគណៈកម្មការពាក់ព័ន្ធទាំងអស់សូមជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ ដោយមានការសម្រិតសម្រាំង សូមជ្រើសរើសយកកងទ័ពដែលមានសមត្ថភាព មានគុណភាព អាចការពារទឹកដីនៅក្នុងខេត្តកណ្ដាល ឱ្យបានរឹងមាំ និងខ្លាំងក្លាឡើង។
សូមជម្រាបជូនថា តាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងទ័ពជើងគោក បេក្ខជនដែលមានទីលំនៅ បច្ខុប្បន្នក្នុងភូមិសាស្រ្តខេត្តចំណុះយោធភូមិភាគ អាចទទួលពាក្យ និងដាក់ពាក្យ ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌកងទ័ពជើងគោកក្នុងទីតាំងជ្រើសរើសនៃភូមិសាស្រ្តយោធភូមិភាគនោះ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





