សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការជាសះស្បើយពីជំងឺកូវីដ១៩ ខណៈធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមានកូវីដ១៩
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ --សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការជាសះស្បើយពីជំងឺកូវីដ១៩ ខណៈធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមានកូវីដ១៩។
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ម្សិលមិញធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមានកូវីដ ១៩ ហើយ តែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែជាទីគោរពសក្ការៈយាងទៅប៉េកាំងព្រឹកមិញ នេះព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ។ ការបារម្ភខ្លាចឆ្លងទៅព្រះអង្គ និងថ្នាក់ដឹកនាំផ្សេងទៀត»។ សម្តេចតេជោបញ្ជាក់ថាមុននេះ២ម៉ោង សម្តេចបានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។

ដូចនេះទាំងគ្រូពេទ្យ ទាំងសម្តេចកំណត់ថា សម្តេចពុំមានជំងឺកូវីដ១៩ទៀតទេ។ សម្តេចតេជោបានបញ្ជាក់ទៀតថា៖ «ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ លាហើយកូវីដ១៩ជាលើកទី២ និងខិតខំ មិនឱ្យមានការលាជាលើកទី៣៕
ដោយ៖ ជឹម ណារី





