ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញបើកសន្និបាតសុខាភិបាលលើកទី៤៤
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតសុខាភិបាលលើកទី៤៤ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងក្រសួង ស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន៦៩០នាក់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកឡើងថា របាយការណ៍សមិទ្ធផលនៃវិស័យសុខាភិបាលឆ្នាំ២០២៤ បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ដែលវិស័យសុខាភិបាលសម្រេចបាន នៅក្នុងឆ្នាំ២០២៤ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ រួមមាន៖ សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការ ព្យាបាលថែទាំ ដែលគុណភាពត្រូវបានកែលម្អជាប្រចាំ និងអន្តរាគមន៍សុខភាពសាធារណៈសារវន្ត តាមរយៈកម្មវិធីលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ កម្មវិធីបង្ការ និងគ្រប់គ្រងជំងឺឆ្លង រួមទាំងប្រព័ន្ធសន្តិសុខសុខភាព និងកម្មវិធីជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត។ កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល ដែលផ្តោតជាចម្បងលើការអភិវឌ្ឍស្ថាប័ន និងអភិបាលកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការផ្គត់ផ្គង់ឱសថ បរិក្ខារ ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកឡើងថាជាមួយវឌ្ឍនភាព ដែលវិស័យសុខាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន មានកិច្ចការសំខាន់ៗជាច្រើនទៀត ដែលអង្គភាពសុខាភិបាល គ្រប់លំដាប់ថ្នាក់នឹងបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធភាព ដើម្បីលើកកម្ពស់ការបម្រើសេវាថែទាំសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈជាសារវ័ន្តជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរជាងឆ្នាំ២០២៤ ជាពិសេស ការបង្កើនសមិទ្ធកម្មប្រព័ន្ធសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ទាក់ទងសុខភាព រួមទាំងបន្តពង្រឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា សន្និបាតសុខាភិបាលរយៈពេល២ថ្ងៃនេះ នៅថ្ងៃទី០៣ និងទី០៤ ខែមីនា ឆ្នាំ២០២៥ នឹងជាឱកាសដ៏មានតម្លៃសម្រាប់ការពិភាក្សា ដែលនឹងផ្តល់អត្ថប្រយោជន៍ជាសារវន្ត ដល់ការបន្តដំណើរទៅមុខ ដោយភាពស្វាហាប់ ក្នុងចក្ខុវិស័យរួម ស្របតាមទស្សនទានមួយចំនួន ដូចជា៖ ១) សមិទ្ធផលវិស័យសុខាភិបាលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត បង្ហាញពីទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៃកិច្ចការជាច្រើនក្នុងវិស័យសុខាភិបាល ២) ការយល់ដឹងកាន់តែប្រសើរឡើងនូវអ្វីដែលយើងសម្រេចបានក្នុងឆ្នាំ២០២៤ សម្រេចបានកម្រិតណា ហើយអ្វីដែលជាបញ្ហាប្រឈមចំពោះមុខ ៣) ប្រព័ន្ធសុខាភិបាលប្រតិបត្តិការនៅក្នុងបរិស្ថានមួយដែលមានភាពប្រទាក់ក្រឡា ដោយហេតុថាការកែលម្អសុខភាព និងការកែលម្អកត្តាសង្គម និងសេដ្ឋកិច្ច មានផលជះទៅវិញទៅមក ៤) បែបបទនៃការរៀនសូត្រតាមបែបស្ថាប័ន ក្នុងការពង្រឹងការអនុវត្តមុខងារពិនិត្យតាមដាន និងវាយតម្លៃសមិទ្ធកម្ម ឬលទ្ធផលការងារ។

ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានមានមតិផ្តាំផ្ញើជូនដល់អង្គសន្និបាត វិស័យសុខាភិបាលកម្ពុជាត្រូវការចាំបាច់ការចូលរួមពីមន្ត្រីសុខាភិបាលទូទាំងប្រទេស និងអង្គការដៃគូទាំងអស់ ក្នុងការសម្រេចបានលទ្ធផលមកដល់ពេលនេះ។ សូមថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល សូមយកឱកាសនេះ ប្តូរពាក្យ «យើងសង្ឃឹមថានឹងបានល្អ» ទៅជា «យើងត្រូវតែធ្វើឱ្យបានល្អ» ដើម្បីបំពេញភារកិច្ចជាតួអង្គសំខាន់សម្រាប់សុខុមាលភាពប្រជាពលរដ្ឋ ស្របតាមទិសដៅ «ទាំងអស់គ្នា ដើម្បីសុខភាពជាតិយើង!»៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





